ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ១០នាក់ទៅសាលាដំបូងខេត្តករណីលួច ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 សមត្ថកិច្ចប្រាប់ថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ​ បួន ស្រីម៉ុច ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ស្ដីពីករណីលួច។ ក្រោយទទួលបណ្ដឹង នៅវេលាម៉ោង១៤និង១៥នាទី​ថ្ងៃទី០៧​ ខែកម្ភៈ​ ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១០នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។​ 

  លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ជនសង្ស័យទាំង១០នាក់​ ១-ឈ្មោះ​ អឿន បូ ភេទប្រុស អាយុ១៨ឆ្នាំ,២-ឈ្មោះ​ គឿម ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ,៣-ឈ្មោះ​ ម៉ៅ ត្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ,​ ៤-ឈ្មោះ​ សុខ ដេវីត (ម៉ូវ) ភេទប្រុស អាយុ១៧ឆ្នាំ​,​ ៥-ឈ្មោះ​ ពៅ ដូច​ (គា) ភេទប្រុស អាយុ១៧ឆ្នាំ,​៦-ឈ្មោះ​ ឡុន ឡែន ភេទស្រី អាយុ៤៣ឆ្នាំ,​ ៧-ឈ្មោះ​ ខា ឡុង ភេទប្រុស អាយុ១៨ឆ្នាំ,​ ៨-ឈ្មោះ​ ប៊ុណ្ណា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ,​៩-ឈ្មោះ​ សន សា ភេទប្រុស អាយុ៣២ឆ្នាំ​,​១០-ឈ្មោះ​ ធៀ សាវឿន(ប៉ែត) ភេទប្រុស អាយុ៤០ឆ្នាំ។​ ជនសង្ស័យ័ទាំង១០​នាក់ បច្ចុប្បន្នស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។ វត្ថុតាងចាប់យកមាន​ ១-ម៉ូតូម៉ាកហុង​ដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិសាត់ 1M-6426 ចំនួន ០១គ្រឿង,​ ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៣-ម៉ូតូម៉ាក​ វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៤-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៥-ម៉ូតូម៉ាក​ វ៉េវ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៦-ម៉ូតូម៉ាកហុងដា​ CBR ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៧-ម៉ូតូម៉ាកហុងដា​ ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៨-ផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងសម្ភារៈសម្រាប់ដោះបំបែកគ្រឿងម៉ូតូមួយចំនួនទៀត(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត)។៩-ម៉ូតូម៉ាកហុងដា​ Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ),​១០-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌ផ្កាឈូក ចំនួន១៩៩គ្រាប់,​១១-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌បៃតង ចំនួន០៤គ្រាប់,​ ១២-គ្រឿងញៀនប្រភេទខេទឹកកក ចំនួន១៥កូនថង់,​ ១៣-កំប៉ុងពណ៌ខ្មៅ សម្រាប់ដាក់គ្រឿងញៀនចំនួន០១កំប៉ុង។ 

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ មុនឈានដល់ការបង្ក្រាប​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបានទទួលពាក្យបណ្តឹងពីជនរងគ្រោះបាត់ម៉ូតូម៉ាកហុងដា​ Zomer X ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាក លេខ សៀមរាប-1Z 8849 ដែលទុកមុខបន្ទប់នៅម្តុំវត្តត្រាច កាលថ្ងៃទី០២ ខែកុម្ភៈ ភ្លាមនោះជនរងគ្រោះ បានសុំអ្នកជិតខាងឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញក្រុមចោរមានគ្នាចំនួន០២នាក់បានធ្វើ សកម្មភាព លួចម៉ូតូរបស់​ជនរងគ្រោះខាងលើ។ 

   លោក បានបញ្ជាក់ទៀតថានៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យឈ្មោះ​ឡុន ឡែន ភេទស្រី ជាអ្នកទិញម៉ូតូ របស់ដើមបណ្ដឹងលើខាងលើ ហើយយកមកសួរនាំ បន្ទាប់ពីសួរនាំរួចបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញម៉ូតូពីក្រុមចោរ ដែលធ្វើសកម្មភាពលួចពិតប្រាកដមែន។ បន្ទាប់ពីទទួលបានចម្លេីយសារភាពកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់បន្ថែមទៀតនៅចំណុចបន្ទប់ជួលមួយកន្លែង​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដេីម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​ទាំង១០នាក់​ បានសារ​ភាពថា​ ពួកខ្លួនពិតជាបានលួច​ រក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់​ និងទទួលផលចោរកម្ម ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

 ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖