ព័ត៌មានទាន់ហេតុការណ៍៖

“កម្ពុជា និងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្សិលមុិញ នៅទីស្តីការក្រសួង លោក ជុំ សុន្ទរី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល។

ដោយបានកត់សម្គាល់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់សហរដ្ឋអាមេរិក លោក ជុំ សុន្ទរី រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែករបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S CDC) ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២០ ដើម្បីពង្រឹងវិស័យសុខាភិបាល និងប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ U.S CDC ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុ តាមរយៈក្រសួងសុខាភិបាល និងបានសម្តែងនូវសេចក្តីរីករាយ ចំពោះការកើនឡើងនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន Pfizer។

លោករដ្ឋលេខាធិការ បានរំលឹកដោយការកោតសរសើរចំពោះ USAID ដែលបានប្រកាសនូវថវិកាចំនួន ៣៥លានដុល្លារអាមេរិកសម្រាប់ “ការលើកកម្ពស់គុណភាពនៃសកម្មភាពថែទាំសុខភាព II (EQHAII)” កាលពីខែវិច្ឆិកា ក្នុងគោលដៅបន្ដគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីលើកកម្ពស់សេវាសុខាភិបាលនានា។

ដោយបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេសកកម្មរបស់ (U.S CDC) ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោកស្រីវេជ្ជបណ្ឌិត Mandy Cohen សន្យាថានឹងខិតខំបន្ថែមទៀត តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសុខាភិបាល ក្នុងការបញ្រ្ជាបសកម្មភាពដែលកំពុងមានស្រាប់របស់ខ្លួន ជាមួយយុទ្ធសាស្រ្ដបញ្ចកោណ ក្នុងវិស័យសុខាភិបាល ដើម្បីផ្ដល់ការថែទាំសុខភាពឱ្យកាន់តែប្រសើរ ដល់ប្រជាជនកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត ក៏បានកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងកាលៈទេសៈលំបាកកន្លងមក។ 

លោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក៏បានអះអាងជូនគណៈប្រតិភូ ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀចចំ និងជួយសម្របសម្រួលដល់ទំនាក់ទំនងការងារ រវាងក្រសួងសុខាភិបាលកម្ពុជា និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ៕

ដោយ ៖ សិលា


ចែករំលែក៖