ភ្នំពេញ ៖ ចតុស្តម្ភទាំង ៤ សម្រាប់ការអប់រំ គឺ
១-អប់រំដើម្បីចេះដឹងដោយគ្រប់ជ្រុងជ្រោយច្បាស់លាស់
២-អប់រំដើម្បីមានចំណេះធ្វើ
៣-អប់រំដើម្បីជាពលរដ្ឋល្អ
៤-អប់រំដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានថ្លែងបញ្ជាក់ថា ការវិនិយោគក្នុងវិស័យអប់រំ គឺជាការវិនិយោគសម្រាប់ការ កែប្រែមុខមាត់ប្រទេសកម្ពុជាទៅថ្ងៃអនាគត់ និងជាវិនិយោគទៅលើសន្តិសុខសេដ្ឋកិច្ចជាតិ ដើម្បីពង្រីកលើផ្នែកចំណេះដឹងលើការអនុវត្តន៍ជាក់ស្តែង ដែលអាច ជួយឱ្យសិស្សអាចធ្វើការងារស្វែងរកប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ និងការជួយដល់សហគមន៍។
លោករដ្ឋមន្រ្តី បានអះអាងទៀតថា នាពេលបច្ចុប្បន្ននេះ ក្រសួងអប់រំកំពុងធ្វើការកែរទម្រង់ជាច្រើន ដើម្បីធ្វើការលើកកម្ពស់ដល់ការសិក្សារបស់សិស្ស ជាមួយនោះក្រសួង ក៏បានធ្វើការកែទម្រង់កម្មវិធីសិក្សាជាច្រើនសម្រាប់គ្រូបង្រៀន ជាក់ស្តែងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀន និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន ដែលជាការផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងនៅសាលារៀន បានតម្រង់ទិសនៃការសិក្សាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការជម្រុញការអភិវឌ្ឍធនធានមនុស្ស។
លោករដ្ឋមន្រ្តីក្រសួងអប់រំ បានអះអាងទៀតថា តាមរយៈគម្រោងកែទម្រង់កម្មវិធីសិក្សាជាច្រើនសម្រាប់គ្រូបង្រៀននេះ បានកែប្រែមុខមាត់សាលារៀន និងបានបង្កើតនូវ បរិស្ថានអំណោយផលនៅតាមសាលារៀន ដើម្បីឲ្យសិស្សានុសិស្សរៀនសូត្រទទួលបានចំណេះដឹងពិតប្រាកដ ទាំងចំណេះដឹងលើផ្នែកមុខវិជ្ជា ចំណេះដឹងលើការស្វែករក ប្រាក់ចំណូល និងបានពង្រីកចំណេះដឹងទៅដល់សហគមន៍ លើការកែលម្អសាលារៀនទាំងមូល ៕
ដោយ ៖ សិលា