ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ ដែលបានប្រឡងជាប់នឹងចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូង នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ដែលបានប្រឡងជាប់កាលពីថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៣ នឹងចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងនៅថ្ងៃទី ១៣-១៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។  

មន្ត្រីទាំង២៥០ នាក់នេះគឺនឹងដាក់ពង្រាយនៅតាមខេត្តដែលសម្បូរផលិតកម្មស្រូវ ដូចជាខេត្តស្ថិតនៅជុំវិញបឹង ទន្លេសាបដែលមានខេត្តកំពង់ធំ,សៀមរាប,បន្ទាយមាន ជ័យ,ឧត្តរមានជ័យ,ពោធិ៍សាត់,បាត់ដំបង,កំពង់ឆ្នាំង,

កំពង់ចាម,តាកែវ,ព្រៃវែង និងខេត្តស្វាយរៀង។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត យ៉ង សាំងកុមារ បានឱ្យដឹងថា តាមផែន ការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺគ្រោងដាក់មន្ត្រីកសិកម្មឃុំឱ្យបានគ្រប់ឃុំនៅទូទាំងប្រទេសដែលមានចំនួនសរុបរហូតដល់១៦០០នាក់ ដែលបច្ចុប្បន្នក្រសួង កសិកម្មជ្រើសរើសបាន ២៥០ នាក់រួចហើយ ខណៈខែ មេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងជ្រើសរើសបន្ថែម ៨០០នាក់ទៀត។ លោកបញ្ជាក់ថា ផែនការដាក់ពង្រាយមន្ត្រីឃុំ-សង្កាត់ នឹងបញ្ចប់ត្រឹមឆ្នាំ ២០២៥ ក្រោយមកទើបធ្វើការពង្រឹងការងារមន្ត្រីជាដំណាក់កាលៗ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍បន្ថែមថា មន្ត្រីកសិកម្មឃុំ សង្កាត់ គឺត្រូវកំណត់បញ្ហាប្រឈម របស់កសិករ និងតម្រូវការរបស់កសិករ ហើយលើកបញ្ហាដើម្បីស្វែងរកដំណោះស្រាយ ពីស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធព្រមទាំងសម្រប សម្រួលគាំទ្រកសិករក្នុងផលិតកម្មផ្សារភ្ជាប់ទីផ្សារ កសាងចង្វាក់ផលិតកម្ម និងតម្លៃទីផ្សារ និងប្រមូលស្ថិតិកសិកម្ម ដែលធ្វើឱ្យក្រសួងកសិកម្មខិតនៅជិតកសិករធ្វើឱ្យកសិករមានភាពកក់ក្ដៅ ដែលមានអ្នកជួយដោះ ស្រាយបញ្ហាទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖