ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចនគរបាល តាមឃាត់ខ្លួនជនជាតិចិន ដែលបើករថយន្តបុកស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់នៅតាមផ្លូវ៦០ម៉ែត្រ បន្ទាប់រកឃើញឡានយកមកប្លុងចោល !

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កជាជនជាតិចិនហើយ ក្រោយបើករថយន្តបុកស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់នៅតាមផ្លូវ៦០ម៉ែត្រ។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបើកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV-8317 ត្រូវរថយន្តបង្កបើកដោយជនជាតិចិន បុកស្លាប់ម្នាក់ និងរបួស២នាក់ រួចហើយជនបង្កបើករថយន្តយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនជាតិចិនត្រូវបាននាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី។ 

សូមរំលឹក ៖ បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វេីការនៅផ្សារទំនេីបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៍ស(មិនចាំស្លាកលេខ) បេីកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះបេីងខ្ទាតបោកនឹងថ្នល់​ និងអូសទាំងមនុស្សនិងម៉ូតូឡេីងចិញ្ចេីមផ្លូវ បណ្ដាលឲ្យរបួសកូ.នស្រីធ្ងន់ធ្ងរនិងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់​ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទេីរទាំងស្រុង​ ហេីយបន្ថែមល្បឿនបេីក​រត់បាត់ ហេតុការណ៍ដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន​ ហៅផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកេីតថ្នល់) ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីនៅវេលាម៉ោងប្រមាណ០៩:៣៥នាទីយប់​ ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤​នេះ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី២ផងដែរ ។ នៅទល់មុខចំណុចកេីតហេតុ​ឃេីញមានកាមេរ៉ាសុវត្ថិភាពបំពាក់លេីបង្គោលភ្លេីង អាចថតសកម្មភាពនិងស្លាកលេខរថយន្តពណ៍សនោះបានជាមិនខាន​ ។ 

ក្រោយពេលកេីតហេតុ​ ជនរងគ្រោះទាំងបីនាក់ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកទៅពេទ្យ​ ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកក្មេងស្រីរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ​ ក្រុមគ្រូពេទ្យក៏បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ​ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក​បានផុតដង្ហេីមស្លាប់ទៅហេីយ​ មិនអាចជួយសង្គ្រោះជីវិតបានទេ​ ។ 

បុរសជាឪពុកឈ្មោះ សោម​ សីហាក់​ អាយុ​៣៥ឆ្នាំ រងរបួសធ្ងន់​ ជាអ្នកបេីកម៉ូតូ​អាគប់ CUP-50 ស៊េរីចាស់​ ពណ៍ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម​ សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀតជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ​ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជេីងឯក​ ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្នរងចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វេីការតាមជំនាញបន្តទៀត​ ៕

ដោយ ៖ សិលា


ចែករំលែក៖