ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ទិវាជាតិអ្នកនិពន្ធ ត្រូវបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យនេះត្រូវបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ ។ 

គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគមអ្នកនិពន្ធ ចូលរួមបំផុសដល់មន្ត្រីរាជការ សិស្ស និស្សិត កម្មករ និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដើម្បីបង្កើតស្មារតីចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរៀបចំទិវាជាតិអ្នកនិពន្ធ ដោយសហការជាមួយនឹងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា និង សមាគមអ្នកនិពន្ធ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ ស តារា


ចែករំលែក៖