ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីបួននៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ បើតាមរបាយការណ៍របស់គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។
គណបក្សនយោបាយដែលធ្វើសកម្មភាពឃោសនាជាធម្មតាសម្រាប់ថ្ងៃនេះ មានជាអាទិ៍៖
គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅតាមភូមិភាគនានា លើកលែងតែ នៅភូមិភាគទី៣ ដោយបានជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និង សារនយោបាយនៅតាមទីស្នាក់ការគណបក្ស។
គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រនៅទីស្នាក់ការ គណបក្ស នៅភូមិភាគទី១ ភូមិភាគទី២ ភូមិភាគីទី៣ ភូមិភាគទី៥ និងភូមិភាគទី៦ ។
ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំបានធ្វើសកម្មភាពឃោសនា បោះឆ្នោតទេនៅថ្ងៃនេះ។
ជាទូទៅ ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទីបួននេះ គឺបាន ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាព ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៣:០០រសៀល ៕
ដោយ ៖ សិលា