ព័ត៌មានទាន់ហេតុការណ៍៖

យុវជន ២នាក់ បានស្លាប់ បន្ទាប់ពីបើកបរម៉ូតូបុកគ្នាពេញទំហឹង

ចែករំលែក៖

ខេត្តតាកែវ៖ នៅវេលាម៉ោង ១៧និង៣០នាទី ល្ងាច ថ្ងៃ អង្គារ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រ ២០-២១ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-0512  បេីកបរដោយឈ្មោះ ឈៀង បារាំង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (ស្លាប់នៅកន្លែងកេីតហេតុ) បេីកបរមកពីទិសខាងកេីតទៅលិច។ លុះមកដល់ចំណុចខាងលេីបានបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ភ្នំពេញ 1JK-0012 បេីកបរដោយឈ្មោះ ឆន ជីវ័ន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) បើកបរមកពីទិសខាងលិចទៅកេីត បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរបួសរដូករណែល។

ភ្លាមៗក្រោយកើតហេត្តសមត្ថកិច្ចនគរបាលស្រុកត្រាំកក់បានចុះទៅដល់ទីតាំងនិងបានធ្វើកោសល្យវិច័យដោយបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។ 

នគរបាលស្រុកត្រាំកក់ផ្នែកកម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអូរសារាយ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីរង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕

ដោយ៖ សូរិយា


ចែករំលែក៖