សម្ព័ន្ធសេដ្ឋកិច្ចប្រាំបួន BRICS នឹងឃើញចំនួនមហាសេដ្ឋី USD របស់ខ្លួនកើនឡើង 85% ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដែលលើសពីក្រុមប្រទេសដទៃទៀត។ ពិសេសគឺប្រទេសស្ថិតនៅក្នុងក្រុម G-7។
យោងតាមរបាយការណ៍ថ្មីៗនេះដោយ Henley & Partners ចំនួនមហាសេដ្ឋីនៅក្នុងប្រទេស BRICS នឹងឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ក្រោយ ដែលរួមចំណែកដល់ការកើនឡើងដ៏ធំបំផុតនៃទ្រព្យសម្បត្តិនៃក្រុមប្រទេសណាមួយ។
ប្លុក BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានពង្រីកទៅរួមមានអេហ្ស៊ីប អេត្យូពី អុីរ៉ង់ និងអារ៉ាប់រួម។ ក្រៅពីនេះ អារ៉ាប៊ីសាអូ៊ឌីតក៏កំពុងត្រៀមខ្លួនចូលរួមក្នុងប្លុកនេះដែរ។
ក្រុមហ៊ុនប្រឹក្សាវិនិយោគបានកត់សម្គាល់នៅក្នុងការសិក្សារួមគ្នារបស់ខ្លួនថា ចំនួនមហាសេដ្ឋីក្នុងបណ្តាប្រទេស BRICS ដែលរួមគ្នាកាន់កាប់ទ្រព្យសម្បត្តិវិនិយោគចំនួន 45 ពាន់ពាន់លានដុល្លារ ត្រូវបានគេព្យាករថានឹងកើនឡើង 85% ក្នុងរយៈពេល 10 ឆ្នាំខាងមុខ។
បច្ចុប្បន្ននេះនៅក្នុងប្លុកមានបុគ្គលសរុបចំនួន 1.6 លាននាក់ដែលមានទ្រព្យសម្បត្តិវិនិយោគជាង 1 លានដុល្លារ។
Andrew Amolis អ្នកវិភាគទ្រព្យសម្បត្តិនៅ New World Wealth បានប្រាប់ CNBC ថា “ការព្យាករណ៍ 85% សម្រាប់ BRICS នឹងក្លាយជាទំហំខ្ពស់បំផុតនៃកំណើនទ្រព្យសម្បត្តិនៃប្លុកឬតំបន់ណាមួយនៅទូទាំងពិភពលោក” ។
តាមការប្រៀបធៀប ក្រុម G7 ដែលមានទ្រព្យសម្បត្តិវិនិយោគចំនួន 110 ពាន់ពាន់លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ 2023 ត្រូវបានគេប៉ាន់ប្រមាណថានឹងឃើញតែចំនួនមហាសេដ្ឋីក្នុងតំបន់កើនឡើង 45% ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយនេះ ទិន្នន័យដែលផ្តល់ដោយ Amolis បង្ហាញ។G7 គឺជាសម្ព័ន្ធមិត្តនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនលើពិភពលោកដូចជា កាណាដា បារាំង ជប៉ុន អុីតាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
លោក Dominic Volek បានសង្កត់ធ្ងន់ថា “សម្ព័ន្ធភាព BRICS ប្រហែលជាកំពុងប្រឈមមុខនឹងសណ្តាប់ធ្នាប់ពិភពលោក និងដាក់ខ្លួនជាគូប្រជែងដ៏រឹងមាំចំពោះ G7 និងអង្គការអន្តរជាតិដទៃទៀត” ។
ប្រទេសឥណ្ឌាកំពុងនាំមុខគេក្នុងល្បឿននៃការពង្រីកទ្រព្យសម្បត្តិ ដោយទ្រព្យសម្បត្តិសម្រាប់មនុស្សម្នាក់ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង 110% នៅឆ្នាំ 2033 បន្ទាប់មកគឺអារ៉ាប៊ីសាអូឌីត ដែលទ្រព្យសម្បត្តិសម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថានឹងកើនឡើងជាង 105% ក្នុងអំឡុងពេលដូចគ្នា៕ ដោយ៖ ធីរីណា
រូបថត៖ SCMP