ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា ប្រកាសបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី២១ ខែកុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ ការតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ។

អង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧។

២- អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី លទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ សរុបចំនួន ៥រូប។ បេក្ខជន ទាំង៥រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមមាន (១) លោក សុខ ឥសាន (២) លោក ហេង ហាលីម (៣) លោក សារុន ឬទ្ធា (៤) លោក អ៊ា ឃីម៉េង និង(៥) លោក ឌី ទេពកោសល្យ។

៣- អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិនិត្យ និង អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រម ព្រៀងស្តីពីការឧបត្ថម្ភធនជលផល។

៤- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

៥- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភ ធនជលផល ជូនដល់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង ព័ត៌មាន នៃរដ្ឋសភា ដោយ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

៦- អង្គប្រជុំបានអនុម័តសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖

១- លោក ឃឹង នុភាព អាយុ ៤៣ឆ្នាំ

២- លោក គង់ បណ្តូល អាយុ ៤៧ឆ្នាំ

៣- លោក ជាម ប៉េអា អាយុ ៤៨ឆ្នាំ

៧- អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយមានរបៀបវារៈ ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ។

អង្គប្រជុំក៏បានពិភាក្សា និងអនុម័ត របៀបវារៈបន្ថែម ដែលមានលទ្ធផលដូចតទៅ៖

• អង្គប្រជុំអនុម័តសេចក្តីស្នើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។

• អង្គប្រជុំអនុម័ត សេចក្តីស្នើសុំរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាល ចំនួន ៣រូប ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧៖

លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

លោក ស្រុី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

• អង្គប្រជុំអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន ៣រូប គឺ៖

លោក កែវ ពិសិដ្ឋ អាយុ ៥៤ឆ្នាំ

លោកស្រី ឯក សុវណ្ណភារៈ អាយុ ៥៥ឆ្នាំ

លោក ទី សុគន្ធ អាយុ ៥៦ឆ្នាំ

• អង្គប្រជុំអនុម័តកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប ៖

១/ លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

២/ លោក ស្រុី ថាមរុង្គ

ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

៣/ ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖