ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ជនជាតិថៃម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។  

សមត្ថកិច្ចឋានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានដឹកនាំកម្លាំង​ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ រ៉េម បាត់​ ភេទប្រុស អាយុ១៨ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធករណីលួច(ទូរស័ព្ទ) ដែលប្រព្រឹត្តកាលវេលាម៉ោង០៦និង៤៧នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។​ ករណីនេះធ្វឡើងតាមពាក្យបណ្ដឹងឈ្មោះ​ ទួន ឃឹម ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ កាលពីវេលាកេីតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃម៉ាក​ អាយហ្វូន១២ ពណ៌ខ្មៅ ចំនួន០១គ្រឿង របស់ជនរងគ្រោះ​ ដោយជនសង្ស័យបានមកទិញស្រាបៀរគ្រុឌចំនួន០២កំប៉ុង ពីហាងរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះទៅយកស្រាមកលក់ ស្រាប់តែជនសង្ស័យបានលួចយកទូរសព្ទទៅបាត់។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ​ រួមទាំងដកហូតវត្ថុតាងទូរស័ព្ទ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាង​ទូរស័ព្ទ​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប្រគល់ជូនម្ចាស់វិញ៕

ដោយ៖ វណ្ណា


ចែករំលែក៖