ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ៖ “ ការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី ”

ចែករំលែក៖

ភ្នំពេញ ៖ “ ការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី ” ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពគុណភាពការងារ គ្រប់កងឯកភាព ត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំបញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃ ការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់ គ្រប់កងឯកភាព ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលបានដាក់ចេញ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោក បន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ឲ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖