ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ស្ពានដែលខ្ពស់ជាងគេក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ ៖ ជាមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ (កោះកុង,ពោធិ៍សាត់,បាត់ដំបង) ប្រវែងសរុប ១៩៨,៥១៨ គ.ម សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់ គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។ នេះជាការបញ្ជាក់ពីអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ ។

 លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ បានលើកឡើងថា ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដេីមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។

អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន  បន្តថា ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST),ប្រវែងផ្លូវ ១៩៨,៥១៨គម, ទទឹង ៩ម ដែលរយៈពេលសាងសង់៦៦ខែ ហើយគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។

ចំណែកស្ពានដែលខ្ពស់ជាងគេនេះ ពេលស្ថាបនារួច នឹងក្លាយជាផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកសម្រាប់អ្នកដំណើរ។ 

សូមបញ្ជាក់ថា ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់ថ្លែងថា ៖ ពេលវេលានេះ នឹងបន្តទៅមុខ គឺជាពេលវេលា ដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង ពីសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្ម តាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស នៅតាមមូលដ្ឋានដើម្បីជួយ ការងារនិងបង្កើនចំណូល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

ដោយ ៖ សិលា


ចែករំលែក៖