ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ និងឯកសារសាធារណៈផ្សេងៗទៀត។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន១៦៨នាក់ (ផ្តល់ឡើងវិញ ចំនួន១០៩នាក់ និងផ្តល់ថ្មីចំនួន៥៩នាក់), សៀវភៅស្នាក់នៅថ្មី ចំនួន១៩គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ ចំនួន៤៩គ្រួសារ, សៀវភៅគ្រួសារថ្មី ចំនួន១៧គ្រួសារ, ទុតិយតាសៀវភៅគ្រួសារ ចំនួន១០គ្រួសារ។
ជាមួយគ្នានោះ អធិការនគរបាលខណ្ឌទាំង ១៤ខណ្ឌ ក៏បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីជំនាញផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាក្នុងរាជធានីភ្នំពេញ។
មិនតែប៉ុណ្ណោះ មន្រ្តីនគរបាលមូលដ្ឋាន ក៏ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋផងដែរ៕
ដោយ៖ តារា