ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីដាំ ដារីនី អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ ផ្នែកសិល្បៈនិងកីឡា

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី ដាំ ដារីនី សមាជិកគណកម្មាធិការកណ្តាលគណបក្ស​ និងជាប្រធានផ្នែកសិល្បៈនិងកីឡា​ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ ផ្នែកសិល្បៈនិងកីឡា ដោយមានការចូលរួមពីសំណាក់  ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា និងក្រុមជំនួយការផ្នែកសិល្បៈនិងកីឡា ។ 

ក្នុងកិច្ចចាប់ផ្តេីមលោកស្រី ដាំ ដារីនី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមជំនួយ ការផ្នែកសិល្បៈ និងកីឡាទាំងអស់​ និងបានកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារនាពេលកន្លងមក។ 

លោកស្រីបានលេីកឡេីងបន្ថែមទៀតថា គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បាន ដាក់ចេញគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវបំផុយសិល្បៈ នៃការចែករំលែក គោលនយោបាយជាយុទ្ធសាស្រ្ត គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ការសាមគ្គីផ្ទៃក្នុងគណបក្ស និងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។​ក្នុងនោះផ្នែកសិល្បៈនិងកីឡាក្រោម ការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមអនុវត្តការងារយ៉ាងសកម្មក្នុងបុព្វហេតុកសាងកម្លាំងយុវជនក្នុងជួរសិល្បៈករ​ សិល្បៈការិនី​ គ្រប់ទម្រង់​ និងកីឡាករ​ កឡាការិនី​ លើកកម្ពស់ស្មារតីក្នុងការចូលរួម មានភាពជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្ស។

លោកស្រី ដាំ ដារីនី បានផ្តាំផ្ញេីដល់សមាជិក សមាជិកាត្រូវចូលរួមអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់លើការពង្រឹងនិងពង្រីករចនាសម្ព័ន្ធ កសាងសមាជិកគណបក្ស​ ហេីយនៅពេលខាងមុខមានការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់​ នាពេលខាងមុខត្រូវចូលរួមក្នុងការពង្រឹងយន្តការរបស់គណបក្ស​ លុបបំបាត់នូវព័ត៌មានអវិជ្ជមាន​ និងព័ត៌មានប្រឆាំងនានាឲ្យបានដាច់ខាត៕

ដោយ៖ សូរិយា


ចែករំលែក៖