ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី «សកម្មភាពអបអរទិវាវិទ្យុពិភពលោកឆ្នាំ២០២៤» តួនាទីស្នូល និងដ៏ចាំបាច់របស់វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយបុរាណ នាយុគសម័យឌីជីថល ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិដោយចីរភាពនិងបរិយាបន្ន

ចែករំលែក៖

ភ្នំពេញ ៖ យុទ្ធនាការសប្តាហ៍វិទ្យុរបស់ក្រសួងព័ត៌មានត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យផ្នែកសារព័ត៌មាន សុរបចំនួន២២១នាក់ ដើម្បីអបអរទិវាវិទ្យុពិភព លោកឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន យុទ្ធនាការសប្តាហ៍ វិទ្យុត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណៈជននៅក្នុងប្រទេសកម្ពុជា និងនៅលើ ពិភពលោកឱ្យបានដឹងបន្ថែមទៀតនូវតួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ ជាពិសេសវិទ្យុជាតិកម្ពុជា ដែល ជាប្រព័ន្ធផ្សព្វផ្សាយបុរាណមួយប្រភេទមានអាយុកាល ជាង ៤ទសវត្ស បានចូលរួមចំណែកយ៉ាងសកម្មក្នុង កសាង ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន និងសេរីភាពពេញលេញដូចនាពេល បច្ចុប្បន្ន។ យុទ្ធនាការសប្តាហ៍វិទ្យុ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បាន ប្រមូលផ្តុំសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងឱ្យបានឃើញច្បាស់អំពីសារៈសំខាន់របស់វិទ្យុ ដែល តែងតែនៅក្បែរប្រជាជន និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ វ័យ និងគ្រប់ស្រទាប់វណ្ណៈ ក្នុងការផ្តល់ដំណឹង ចំណេះដឹង ទស្សនៈ បំណិនជីវិត និងការកំសាន្ត ការអប់រំ និងព័ត៌មានដ៏សំបូរបែប គ្រប់ទម្រង់ និងគ្រប់ទិសទី ដោយគ្មានដែនកំណត់។ សកម្មភាពសំខាន់ៗទាំងនោះ រួមមាន៖ ការផ្សព្វផ្សាយសារគន្លឹះនិងអនុសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្មវិធី សន្ទនាមតិជាមួយវាគ្មិនជាថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងយុវជនកម្ពុជា ពិធីសំណេះសំណាលជាមួយនិស្សិត ទស្សនកិច្ចសិក្សារបស់និស្សិតនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងស្ថានីយផ្សាយវិទ្យុជាតិកម្ពុជា ការផ្សព្វផ្សាយ បទវិចារណកថា បទយកការណ៍ និងព័ត៌មានជាច្រើនទៀត ជាទម្រង់ផ្សាយសំឡេង រូបភាព ការផ្សាយផ្ទាល់ ព្រមទាំងអត្ថបទ តាមរយៈប្រព័ន្ធផ្សាយរលកធាតុអាកាស គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ។

ក្នុងជំនួបជាមួយនិស្សិតមកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យប៊ែលធីអន្តជាតិ និងយុវជនស.ស.យ.ក.វិស័យព័ត៌មាន នៅទីស្ដីការក្រសួង ព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ការស្វាគមន៍ និងសំណេះសំណាលប្រកបដោយភាពស្និទស្នាល ដោយមានការយកចិត្តទុកដាក់ និងការចូលរួមតាមរយៈការលើកឡើងនូវសំណួរ យោបល់ ជុំវិញការវិវត្ត និងតួនាទីដ៏សំខាន់របស់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយបុរាណផ្សេងទៀតពីសម័យកាលមួយ ទៅសម័យកាលមួយ រហូតដល់យុគសម័យបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន។ ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអត្ថាធិប្បាយផងដែរពីដំណើរវិវត្តរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថានភាពប្រព័ន្ធ ផ្សព្វផ្សាយនាពេលបច្ចុប្បន្នជាមួយនឹងវឌ្ឍភាពឥតឈប់ឈរនៃបច្ចេកវិទ្យា ព្រមទាំងនិន្នាការក្នុងការទទួល ព័ត៌មានរបស់ប្រជាជន ដែលបានផ្តល់ទាំងឱកាសថ្មីៗ និងបញ្ហាប្រឈមមួយចំនួនដល់វិស័យព័ត៌មាន និង សោតទស្សន៍។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មាន និងប្រតិបត្តិករក្នុងវិស័យព័ត៌មាន តាមរយៈការប្រារព្ធ ទិវាវិទ្យុពិភពលោកឆ្នាំនេះ បានបង្ហាញការប្តេជ្ញាចិត្តជាថ្មីម្តងទៀតលើការលើកកម្ពស់តួនាទីរបស់វិទ្យុ និង ប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់ ជាភ្នាក់ងារផ្តល់ព័ត៌មាន ភ្ជាប់ការប្រាស្រ័យទាក់ទង ការអប់រំ ចំណេះដឹង និងការកំសាន្ត ដើម្បីរួមចំណែកក្នុងការបណ្តុះស្មារតី មនសិកា និងមោទនភាពជាតិ បណ្តុះការស្រឡាញ់វប្បធម៌ និងប្រពៃណី ព្រមទាំងថែរក្សាការពារសន្តិភាព និងអត្តសញ្ញាណជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ទោះក្នុងតម្លៃណាក៏ដោយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ផ្សេងៗទៀតត្រូវតែបន្តរស់ក្នុងបរិបទថ្មី តំណាលគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយប្រព័ន្ធផ្សព្វផ្សាយ ទំនើប។ ក្រសួងព័ត៌មាននឹងបន្តអភិរក្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឱ្យមានភាពរីកចម្រើនឡើង ទៅមុខថែមទៀត តាមរយៈការបន្តធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយឱ្យស្របតាមការវិវត្ត របស់សង្គម»។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា “យើងបាន និងកំពុងបន្តលើកកម្ពស់តួនាទី និងគុណតម្លៃវិទ្យុ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីទាំងអស់ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនេះរក្សាបាននូវ ទំនាក់ទំនងប្រកបដោយបរិយាបន្ន ព្រមទាំងភាពប្រកួតប្រជែង និងគុណភាពស្របទៅនឹងការវិវត្តរបស់សង្គម បច្ចេកវិទ្យាថ្មីៗ និងបរិវត្តកម្មឌីជីថល សម្រាប់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ក្នុងសង្គម ដោយផ្តោតលើ ការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការរៀបចំសណ្តាប់ធ្នាប់សារ ព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្អែកលើអភិក្រម – ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយ ជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

នាឱកាសនោះដែរ ឯកឧត្តម គន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកនៃអគ្គ នាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផ្ដល់បទបង្ហាញអំពីប្រវត្តិវិទ្យុ ការអភិវឌ្ឍនៃវិទ្យុជាតិកម្ពុជាទៅតាមសម័យកាល និងការសំណេះសំណាលប្រកបដោយអត្ថន័យ និងភាពកក់ក្តៅជាមួយនិស្សិតទាំងអស់ ដែលបានផ្តល់នូវ ចំណេះដឹងជាច្រើនដល់ប្អូនៗនិស្សិតជាពិសេសប្រវត្តិនៃការកកើតវិទ្យុជាតិ ចាប់តាំងពីចុងសតវត្សរ៍ទី១៩ គ្រា ដែលវិទ្យុផ្សាយសម្លេងបានចាប់បដិសន្ធិនៅកម្ពុជា ព្រមទាំងកាវិវត្តិនានា ដោយសម្របខ្លួនទៅតាមរបប និង សម័យកាលផ្សេងៗ។ ទន្ទឹមគ្នានេះ និស្សិតគ្រប់រូបក៏បានស្វែងយល់ពី វត្តមានរបស់វិទ្យុជាតិក្នុងការផ្សាយ សំឡេងនៅគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា ទាំងវិទ្យុ AM និង FM ប្រភេទវិទ្យុបណ្ដាញ និងនៅតាមតំបន់បណ្តាខេត្ត ព្រមទាំងទិដ្ឋភាពការងារបច្ចេកទេសនៃការផ្សាយកម្មវិធីវិទ្យុនានា។

ខណៈពិភពលោកប្រារព្ធទិវាវិទ្យុឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “មួយសតវត្សរនៃវិទ្យុក្នុងការផ្ដល់ព័ត៌មាន កំសាន្ត និងអបរំ (Radio: A Century of Information, Entertaining, and Education)

ទស្សនកិច្ចសិក្សារបស់និស្សិតទៅកាន់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវបានធ្វើឡើង ដើម្បីផ្តល់ឱកាសឱ្យ និស្សិតបានស្វែងយល់ពីតម្លៃនៃការផ្សព្វផ្សាយព័ត៌មានដោយវិទ្យុ និងដំណើរការផលិតកម្មវិធីវិទ្យុដោយ នាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានវិទ្យាជាតិកម្ពុជា។ លើសពីនេះ គឺដើម្បីលើកទឹកចិត្តឱ្យមានការចូលរួម ប្រកបដោយបរិយាបន្ត ជាពិសេសពីយុវជនជំនាន់ក្រោយ ក្នុងការចាប់យកអាជីពសារព័ត៌មាន ដើម្បីបន្ត អភិវឌ្ឍ ធានានិរន្តភាព និងរក្សាប្រសិទ្ធភាពវិស័យព័ត៌មាននៅកម្ពុជា។ នាឱកាសនោះដែរ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានថ្លែងប្រាប់ប្អូនៗនិស្សិតពីការងាររបស់វិទ្យុជាតិ ក្នុងពេលបច្ចុប្បន្ន និងការប្រែក្លាយរូបរាងដោយជោគជ័យពីវិទ្យុផ្សាយតែសម្លេងទៅជាវិទ្យុកូល័រ ដែលមាន ទម្រង់ចម្រុះ មានទាំងរូបភាព និងសម្លេង ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ និងសកម្មជាងមុនទាំង តាមបែបប្រពៃណី លើឌីជីថល និងបណ្តាញសង្គមផងដែរ។ បន្ថែមពីនេះ លោកជំទាវអគ្គនាយិកា បានលើក ទឹកចិត្តឱ្យប្អូនៗនិស្សិត ចូលរួមស្តាប់វិទ្យុឱ្យបានច្រើនតាមស្មាតហ្វូនតែម្តង ដោយចាំបាច់ទិញវិទ្យុដូចមុន ឡើយ និងអាចចូលរួមផ្តល់ជាមតិយោបល់ពីប្រធានបទសង្គមនានាតាមរយៈការ call-in ព្រោះចំណុចនេះ ហើយ ដែលបង្ហាញពីតួនាទីរបស់វិទ្យុ គឺជាស្ពានផ្សាភ្ជាប់ប្រជាជនពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងវ័យ ជាមួយ នឹងអាជ្ញាធរមានសមត្ថិកិច្ច ក៏ដូចជារដ្ឋាភិបាលផងដែរ។ ក្នុងដំណើរទស្សនកិច្ច និស្សិតទាំងអស់បានស្វែងយល់ ពីមុខងារ និងការធ្វើការប្រចាំថ្ងៃរបស់នាយកដ្ឋានផ្សេងៗ រួមមាន នាយកដ្ឋានបច្ចេកទេស នាយកដ្ឋានព័ត៌មាន ផ្សាយទៅបរទេស នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស និងនាយកដ្ឋានកម្មវិធី ព្រមទាំងចូលទស្សនា រថយន្តបំពងសម្លេងផងដែរ។

យុទ្ធនាការសប្តាហ៍វិទ្យុរបស់ក្រសួងព័ត៌មាន បានបិទបញ្ចប់ប្រកបដោយខ្លឹមសារ និងបានផ្តល់ឱកាស ថ្មី និងពុទ្ធិបន្ថែមសម្រាប់ប្អូនៗនិស្សិតយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការសិក្សា និងការប្រកបការងារ នាពេលអនាគត។ ក្នុងគោលដៅបង្កើនបរិមាណប្រតិបត្តិករវិស័យព័ត៌មាន លើគ្រប់តួនាទីបច្ចេកទេសប្រកប ដោយគុណភាព និងសមត្ថភាពជំនាញ ក្រសួងព័ត៌មានលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យនិស្សិតគ្រប់ជំនាញ ជាពិសេសនិស្សិតដែលកំពុងសិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផ្ទាល់ដែលមានបំណងចង់ហាត់ការ នៅគ្រប់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងព័ត៌មាន ដើម្បីទទួលបានចំណេះដឹងថ្មីៗពីអ្នកជំនាញក្នុងវិស័យ ព័ត៌មាន។ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនគុណភាពប្រតិបត្តិករក្នុងវិស័យសារព័ត៌មាន ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវសារព័ត៌មាន ដែលជាជំហានដំបូងបានផ្តល់ការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានជូនមន្ត្រីវ័យក្មេងតាមអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង សរុបចំនួន១៦០រូប៕ 

ដោយ ៖ សិលា


ចែករំលែក៖