ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអុីស្រាអែល ប្តេជ្ញាវាយលុកចូលទីក្រុង Rafah មិនខ្វល់ពីការជំទាស់របស់សហគមន៍អន្តរជាតិនោះទេ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការអំពាវនាវកុំឱ្យប្រទេសរបស់លោកធ្វើសកម្មភាពយោធាវាយលុកចូលទីក្រុង Rafah គឺស្មើនឹងមានន័យថា អ៉ីស្រាអែលបរាជ័យក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅតំបន់ Gaza Strip។
លោក Netanyahu ដែលបានប្តេជ្ញាម្តងហើយម្តងទៀតនោះបានបញ្ជាក់ថា កងកម្លាំងប្រទេសរបស់លោកនឹងកម្ទេចក្រុមហាម៉ាស់ ដើម្បីសងសឹកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកលើអ៉ីស្រាអែល ក៏បានឱ្យសញ្ញាផងដែរថា កងកម្លាំងអ៉ីស្រាអែលនឹងនៅតែវាយលុកចូលទីក្រុង Rafah ដោយមិនខ្វល់ថា កិច្ចចរចាស្វែងរកការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ទទួលបរាជ័យឬក៏ជោគជ័យនោះឡើយ។ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តធំរបស់អ៉ីស្រាអែល បានចេញមុខសម្តែងក្តីបារម្ភចំពោះផែនការវាយលុកទីក្រុង Rafah ប៉ុន្តែត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបន្តបញ្ជូនអាវុធឱ្យអ៉ីស្រាអែល។
អ៉ីស្រាអែលកំពុងប្រឈមមុខនឹង ការអំពាវនាវកាន់តែខ្លាំងឡើងៗពីអន្តរជាតិ រួមទាំងអាមេរិក កុំឱ្យបញ្ជូនកងទ័ពចូលវាយលុកទីក្រុង Rafah ដែលស្ថិតនៅព្រំប្រទល់ភាគខាងត្បូងនៃតំបន់ Gaza Strip និងជាទីដែលជនជាតិប៉ាឡេស្ទីនប្រហែល១.៤លាននាក់បាននាំគ្នារត់ភៀសខ្លួនទៅជ្រកកោនដើម្បីគេចចេញពីការប្រយុទ្ធគ្នា៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖