ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​៖​ សមិទ្ធផលដែលទទួលបាននាពេលនេះ បានប្រសូតចេញឡើងតាមរយៈគុណតម្លៃនៃសន្តិភាព

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ 

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចទាំងបី និងការចូលរួមអបអរសាទរ អនុមោទនា ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នកឃុំកំពាន់ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការក្នុងមូលដ្ឋាន។ 

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា សមិទ្ធផលដែលទទួលបាននាពេលនេះ បានប្រសូតចេញឡើងតាមរយៈគុណតម្លៃនៃសន្តិភាព។ គុណតម្លៃនៃសុខសន្តិភាព ជាកាលានុវត្តភាពដ៏អស្ចារ្យ ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅលើវិស័យអាទិភាពនានា ប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្រោមការដឹកនាំ  និងការគិតគូរជាយុទ្ធសាស្ត្រដ៏មានថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយគ្នានេះ សមិទ្ធផលទាំងនេះទៀតសោត ក៏បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕

ដោយ​៖ តារា​


ចែករំលែក៖