ភ្នំពេញ ៖ លោកបណ្ឌិត Khabele Matlosa សាស្ត្រាចារ្យនៃសាកវិទ្យាល័យ Johannesburg នៃប្រទេសអាហ្វ្រិក ខាងត្បូង ជំនាញខាងបោះឆ្នោតបានថ្លែងថា ៖ “ប្រជាធិបតេយ្យមិនមែនជាទំនិញដែលអាចនាំចេញនាំចូលបានទេ ប៉ុន្តែវាជាជម្រើសរបស់ប្រជាជនមួយ ទៅតាមបរិបទនៃប្រទេសនោះ”។
តើអ្វីជាជម្រើសរបស់ប្រជាជនកម្ពុជា?
ជម្រើស គឺដូចអ្វីដែលចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ យើង ប្រជារាស្ត្រខ្មែរ បានភ្ញាក់រលឹកក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា <<កោះសន្តិភាព>> ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិប តេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឲ្យបានឈាន ឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។
ក្នុងន័យនេះ ក្រោមម្លប់សន្តិភាព តាំងពីឆ្នាំ១៩៩៨ កម្ពុជាបានធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួន ដោយរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ទៅតាមកាលកំណត់ដូចមានចែងក្នុងមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ។ មាត្រា៧៦នៃរដ្ឋធម្មនុញ្ញបានចែងពីការសម្ងាត់នៃការបោះឆ្នោត។ ការរក្សាការសម្ងាត់នេះ គឺជាលក្ខខណ្ឌមួយ នៃការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បូករួមនឹង៖
-ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការឈរឈ្មោះជាបេក្ខជន
-ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការបង្កើតគណបក្សនយោបាយ
-ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ មានសិទ្ធិស្មើគ្នាក្នុងការសម្តែងមតិនយោបាយដោយសេរី
-យន្តការធានាសុវត្ថិភាពជូនបេក្ខជនក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត និង
-យន្តការសុវត្តិភាពនៅពេលបោះឆ្នោត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃ ម្សិលមិញទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី៧នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ ការឃោសនាបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អនិងគ្មានអំពើហិង្សា។ នេះសបញ្ជាក់ឲ្យឃើញពីដំណើរការជាប្រក្រតីនៃប្រជាធិបតេយ្យដែលជម្រើសរបស់ប្រជាជនខ្មែរ។ ប៉ុន្តែគួរឲ្យសោកស្តាយ ហេតុអ្វីបានជាគណបក្សនយោបាយមួយបែរទៅជាគំរាមកំហែងសមាជិករបស់ ខ្លួនដែលជាអង្គបោះឆ្នោតទៅវិញ យោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ७०७៤?
ទង្វើបែបនេះគឺរំលោភទៅលើលក្ខខណ្ឌស្តង់ដានៃការបោះឆ្នោត និងមាត្រា៧១នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលចែងថា……គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិត បំភ័យ និងលួងលោមឲ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឲ្យគណបក្សយោបាយណាមួយឡើយ ។
គណបក្សនយោបាយមួយនោះ តើគាត់ចេះច្បាប់ទេ បានអានច្បាប់បោះឆ្នោតទេ ស្រលាញ់ប្រជាធិបតេយ្យទេ ក្រែងគណបក្សនោះហើយដែលអួតអាងថាជាអ្នកប្រជាធិបតេយ្យ ឬក៏ប្រជាធិបតេយ្យជាងអ្នកប្រជាធិបតេយ្យទៅទៀត ឬក៏ជាសេណារីយោដដែលជាដដែល ដើម្បីឈានទៅបដិសេធលទ្ធផលនៃការបោះឆ្នោត ដោយហេតុផលថាអង្គបោះឆ្នោតរបស់ខ្លួនត្រូវបានគេគំរាមកំហែង គ.ជ.ប មិនឯករាជ្យ គណបក្សនយោបាយ នេះអញ្ឆេះ គណបក្សនយោបាយនោះអណ្ណោះ។ ប៉ុន្តែល្បែងបែបនឹង គេស្គាល់ក្រម៉ៅហើយ រឿងរបស់ឯង សោះ ដើរបន្ទោសគេ ដើរប្រាប់គេ ប្រាប់បរទេស មិនចេះខ្មាស់គេ ឬជាងមិនកើតបន្ទោសដែក។
កន្លងមក គណបក្សនយោបាយមួយព្យាយាមធ្វើឲ្យល្អកកករ បំប៉ោងសម្លេង បោកបញ្ឆោតដើម្បីតែ ប្រយោជន៍របស់ខ្លួន ដោយមិនមើលព្រៃទាំងមូល ក្នុងប្រធានបទព្រំដែល ការគោរពសិទ្ធិសមនុស្ស និងលទ្ធិ ប្រជាធិបតេយ្យ។
អ្វីទៅជាបេះដូងពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យ?
បេះដូងពិតប្រាកដគឺការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវបូកបញ្ចូលលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ។
តើអាមេរិកជាបិតានៃលទ្ធិប្រជាធិបតេយ្យមែនឬ?
តើអឺរ៉ុបសហគមទាំង២៧ប្រទេស ពិតជាមានប្រជាធិបតេយ្យដូចគ្នាមែនទេ ឬអាល្លឺម៉ង់ផ្សេង បារាំង រឿង?
លោក Dominique TRINQUAND អតីតប្រមុខបេសកកម្មយោធាបារាំងប្រចាំអង្គការសហប្រជាជាតិនិងអង្គការណាតូអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានមានប្រសាសន៍ថាប្រជាធិបតេយ្យអាមេរិកមិនមែនជាគំរូពិភពលោកទេ ហើយប្រជាធិបតេយ្យអឺរ៉ុបក៏មិនដូចគ្នាដែរ។ លោកបានលើកជាឧទាហរណ៍ថាអាមេរិកបោះជើង២០ឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)ហើយបានដើរចេញយ៉ាងអាម៉ាស់ព្រោះបរាជ័យក្នុងការសាបព្រោះប្រជាធិបតេយ្យនៅទីនោះ។ បារាំងក៏ដូចគ្នាដែរ គឺបរាជ័យក្នុងការនាំយកប្រជាធិប
តេយ្យទៅកាន់តំបន់សាហែល (Sahel) ដែលនៅទីបំផុតប្រទេសបី Burkina Faso, Niger និង Mali មានរដ្ឋប្រហារយោធា ដែលជាការបដិសេធទៅនឹងប្រជាធិបតេយ្យ។ ការលើកឡើងរបស់លោក Dominique TRINQUAND គឺជាការដាស់ស្មារតីយើងផងដែរ ដើម្បីកុំឲ្យ ភ្លេចខ្លួន ហើយធ្លាក់ក្នុងឧបាយកលណាមួយ។
ឆ្លងកាត់សង្គ្រាមត្រជាក់ដែលជាការហែកហួរគ្នារវាងមនោគមន៍វិជ្ជាពីរគឺសេរីនិងកុំមុយនីស្ត រហូតដល់ ការដួលរលំជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៨៩ ដែលជានិមិត្តរូបនៃការដួលរលំរបបកុំមុយនីស្ត កម្ពុជាក៏បានធ្លាក់ ក្នុងមនោគមន៍វិជ្ជានេះ ដែលធ្វើឲ្យខ្មែរមិនស្គាល់ខ្មែរ បងមិនស្គាល់បួន កូនមិនស្គាល់ឪពុក ម៉ែមិនស្គាល់កូន មនុស្សស៊ីថ្លើមមនុស្ស ព្រៃផ្សៃដូចសត្វធាតុ ដែលគ្មានមនុស្សជាតិណាំជួបប្រទះទេ រហូតដល់ប្រជាជនកម្ពុជាពី ១.៧លាននាក់ទៅ២.២លាននាក់ បើតាមអង្កេតប្រជាសាស្ត្ររបស់សាលាក្តីខ្មែរក្រហម ត្រូវបានសម្លាប់។
ចប់សង្គ្រាមត្រជាក់ គឺជាការសាយភាយនៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ហើយអឺរ៉ុបគឺខិតខំលើក កំពស់លទ្ធិប្រជាធិបតេយ្យ ទៅកាន់ពិភពលោក ប៉ុន្តែសម្រាប់លោក Dominique TRINQUAND ការវិវត្តន៍ បច្ចុប្បន្ន អាមេរិកមិនអាចទៅរួចទេ ហើយអឺរ៉ុបបានប្រែប្រួលពីការអវិវឌ្ឍន៍ប្រជាធិបតេយ្យ មកត្រឹមការពារប្រជា ធិបតេយ្យរបស់ខ្លួន។
ដូច្នេះ ជម្រើសរបស់ប្រជាជនកម្ពុជា គឺបន្តថែរក្សាអ្វីដែលយើងកំពុងមាន ប្រសើរជាងការចង់បានហួស ហេតុ ដូចសុភាសិតមួយពោលថាចាប១ក្នុងដៃប្រសើរជាងចាបម្ភៃក្នុងព្រៃ៕
បទវិចារណកថា ៖ ដោយខាល (KARL)