ភ្នំពេញ៖ ទីតាំងកុងស៊ីបញ្ចាំនិងទិញលក់ម៉ូតូមួយកន្លែងនៅឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះបង្ក្រាបឆែកឆេរ ដោយ ដកហូតបានម៉ូតូ ចំនួន ៣១គ្រឿង និងស្លាកលេខប្រមាណជាង១០០បន្ទះ កាតគ្រីនិងអត្តសញ្ញាណមួយចំនួនពាក់ព័ន្ធទិញលក់ស្លាកលេខម៉ូតូ។
ការចុះបង្ក្រាបកុងស៊ីបញ្ចាំនេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី២០ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចកុងស៊ីបញ្ចាំនិងទិញលក់ម៉ូតូស្ថិតនៅផ្ទះលេខ ៤៩Bផ្លូវលេខ ១៩២ ភូមិ ៤សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមនគរបាលអោយដឹងថា ប្រតិបត្តិការនេះដោយមានការ
អនុញ្ញាពីលោក គឹម ហុងសានព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនិង ដឹកនាំ ដោយលោកឧត្តមសេនីយ៍ ត្រីវុទ្ធី វង្សវិបុលអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការចូលរួមពី អាជ្ញាធរ និង នគរបាលខណ្ឌទួលគោកផងដែរ។
តាមព័ត៌មានអោយដឹងថា ការចុះឆែកឆេរ ដកហូតម៉ូតូនេះ ត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីមានចម្លើយសារភាព ពីជនសង្ស័យ ម្នាក់ដែលបានទិញ ស្លាកលេខម៉ូតូពី កុងស៊ី បញ្ចាំខាងលើ ហើយ ក៍បានយកទៅបង្ហោះលក់ជាសាធារណះ។ នៅក្នុងការចុះបង្ក្រាបឆែកឆេរនេះដែរ ម្ចាស់កុងស៊ី ទំនងជាដឹងខ្លួនទាន់គេចខ្លួនបាត់មុនពេលដែលសមត្ថកិច្ច ចុះទៅដល់។
តាមព័ត៌មានបង្ហើបអោយដឹងថា ក្នុងប្រតិបត្តិការសមត្ថកិច្ចដកហូតម៉ូតូចំនួន ចំនួន៣១គ្រឿង ស្លាកលេខម៉ូតូចំនួន១១២សន្លឹក, កាតគ្រីម៉ូតូចំនួន៧២ ,អត្តសញ្ញាណប័ណ្ណចំនួន១១ច្បាប់, សំបុត្រកំណើតចំនួន០៣ច្បាប់ ,ធុងខ្យល់សម្រាប់កឹបស្លាកលេខចំនួន០១ និង កូនសោមួយចំនួនទៀត បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បី ចាត់ការតាមនិតីវិធី។ បន្ទាប់ពីចប់ប្រតិបត្តិការគណះកម្មការសម្រុះក៍បានបិទសៀលទីតាំងខាងលើជាបណ្តោះអាសន្ត៕
ដោយ៖រ៉ារ៉ា