ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារ លិខិតជូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»

ចែករំលែក៖

ភ្នំពេញ៖ សារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»។

ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវចំពោះបង-ប្អូនរួមជាតិ ជាពិសេស បុរសនិងស្ត្រីជាមាតាបិតា និងយុវវ័យគ្រប់រូបដូចតទៅ ៖

១. សូមឱ្យស្រ្តីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺ និងការចម្លងមេរោគពីម្តាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅ​មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមាន

គ្រូពេទ្យជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

២.​ ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន បំបៅកូន

ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

៣.​ សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

៤.​ សូមយុវតី/ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុពី ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។ សូមបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃមរណភាព និងពិការភាព។

៥.​ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប និងអ្នកផ្តល់សេវាទាំងអស់ ដែលមានក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគោលដៅកំណត់របស់រាជរដ្ឋាភិបាល។

៦.​ សូមអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ (អាយុ១៥ ទៅ៤៩ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឱ្យបានគ្រប់ៗគ្នា។

៧.​ សូមមន្ត្រី-បុគ្គលិក តាមសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជិតស្និទ្ធជាមួយ មន្ត្រី-បុគ្គលិកសុខាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំសុខភាព ដល់គ្រប់ស្ត្រីគោលដៅទាំងអស់ និងជួយជំរុញបញ្ជូនស្ត្រីមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

៨.​ សូមស្ថាប័នជាតិ អន្តរជាតិ ពាក់ព័ន្ធទាំងអស់ បន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារ ពិសេសជួយឧបត្ថម្ភ គាំទ្រដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ៕

ដោយ៖ សិលា


ចែករំលែក៖