ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី០៤ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯទីស្ដីការក្រសួង។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។
លោករដ្ឋលេខាធិការ បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ផងដែរ លើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ និងបានជំរុញឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។
សូមជម្រាបផងដែរ៖ គម្រោងលើកកម្រិតគុណភាពផ្លូវលេខ៤៨ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះសម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤២,៧១% គ្រោងបញ្ចប់វឌ្ឍនភាពសាងសង់នៅខែមេសា ឆ្នាំ២០២៥៕
ដោយ៖ តារា