ភ្នំពេញ៖ រោងសិប្បកម្មកែច្នៃឈេីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញចេញរថយន្តបង្ការនិងសង្គ្រោះជាច្រើនគ្រឿង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្បែរការដ្ឋានគល់ស្ពានអាកាសព្រះមុន្នីវង្ស ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងនិងផ្សែងហុយចេញពីទីតាំងកើតហេតុខាងលើយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំជំនួយពីមន្ត្រីជំនាញ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។
ក្នុងការអន្តរាគមន៍បាញ់ពន្លត់ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ធ្វើការបាញ់ទឹកទៅកាន់តំបន់កំពុងឆេះ និងផ្ទះដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ការឆេះរាលដាល។
ម្ចាស់ផ្ទះឈ្មោះ ស្រ៊ិន ឡៃហាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នផ្ទះកើតហេតុខាងលើ។
ទីតាំងខាងលេីជាប្រភេទរោងដែកប្រក់សង្ក័សីធ្វើជាឃ្លាំងស្តុកឈើ ទំហំ ១៥ម៉ែត្រ×៨ម៉ែត្រនិងខូចខាតសម្ភារប្រើប្រាស់ ក្តារបន្ទះនិងឈើដុំមួយចំនួនធំ ។
ក្នុងហេតុការណ៍ខាងលេីនេះផងដែរ មិនបណ្តាលឱ្យមានអ្នកស្លាប់នឹងរងរបួសនោះទេ។
ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង រស្មីនឹងទឹក១៤៦ម៉ែត្រគូប។
ពេលកើតហេតុ មន្ត្រីជំនាញបានចុះទៅកាន់តំបន់ដែលឆេះធ្វើការត្រួតពិនិត្យបឋម តែមិនទាន់អាចបញ្ជាក់បាននៅឡើយពីមូលហេតុ ដែលបង្កអោយមាការឆាបឆេះនេះនោះទេ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕
ដោយ៖សុខាសែនជ័យ