ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុករថយន្តដឹកទំនិញចតស្ងៀមនៅលើចិញ្ចើមផ្លូវពីក្រោយស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើក ម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកទំនិញចតស្ងៀមលើចិញ្ចើមផ្លូវ ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៩និង ៣០នាទី យប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុី សុខណាន អាយុ២៦ឆ្នាំ មុខរបរជាងទឹកនឹងជាងភ្លើង រស់នៅឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល មានប្រពន្ធរស់នៅខេត្តស្វាយរៀង ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-2402 បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើង ហើយក៏បានបើករថយន្តឈប់អែបកៀនលើចិញ្ចើមផ្លូវរួចដើរចេញពីរថយន្តបាត់មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញបុរសរងគ្រោះបើកម៉ូតូម៉ាកស៊ុយស៊ូគី ឡែត ពាក់ស្លាកលេខ ស្វាយរៀង 1O-6788 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនប្រយ័ត្នបានជ្រុលទៅបុកផ្ទុបពីក្រោយរថយន្តពេញទំហឹង បណ្ដាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែង ភ្លាមៗនោះដែរអ្នកបើករថយន្តក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖