ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាបត្រៀមចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃទី១៦-១៧ ខែមីនា ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨

ចែករំលែក៖

ខេត្តសៀមរាប ៖ ខេត្តសៀមរាបត្រៀមចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្នុងការទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃទី១៦-១៧ ខែមីនា ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ” ។

ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តនេះជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញនិង ប្រាសាទបុរាណដទៃទៀតជាច្រើន។

ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយ វិស័យទេសចរណ៍។

 

រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមាន អង្គរធំកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានប្តូរពីអង្គរទៅ ភ្នំពេញនៅឆ្នាំ ១៤៣២ រួចទៅលង្វែក និងឧដុង្គនិងត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ ១៨៦៦។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០ ៕

ដោយ ៖ សិលា


ចែករំលែក៖