ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកដំណើរ ២នាក់ ក្រោយរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួន​ ប្រុងរត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ នៅព្រឹក​ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានឆែកឆេរអ្នកដំណើរ ២នាក់ ពាក់ព័ន្ធ​ករណី​រត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 

ប្រភពដដែលបន្តថា​ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់និងត្រួតពិនិត្យអ្នកដំណើរសញ្ជាតិកូរ៉េចំនួន ២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។

តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។ 

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖