ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមានGPSត្រូវម្ចាស់ម៉ូតូតាមរកឃើញឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ទៀត ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋព័ទ្ធចាប់ ប្រគល់ទៅឲ្យសមត្ថកិច្ច ខណៈពួកគេកំពុងតែជិះម៉ូតូឌុបគ្នា នៅម្តុំផ្សារអូឡាំពិក ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

បើតាមការរៀបរាប់ពីម្ចាស់ម៉ូតូបានឲ្យដឹងថា នាព្រឹកមិញថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នេះ មានជនសង្ស័យម្នាក់ ដែលទើប នឹងស្គាល់គ្នាបានខ្ចីម៉ូតូរបស់គាត់ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JR-3931 ចេញពីបន្ទប់ជួលម្តុំទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាច្រើនម៉ោង មិនឃើញជនសង្ស័យ យកម៉ូតូមកប្រគល់ឲ្យរូបគាត់វិញនោះទេ ទើបគាត់បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ ឲ្យជួយអន្តរាគមន៍ លុះនៅរសៀលថ្ងៃដដែល ម្ចាស់ម៉ូតូក៏បានឆែកតាមប្រព័ន្ធGPS ឃើញសញ្ញាម៉ូតូរបស់គាត់នៅម្តុំឃ្លាំង រំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយគាត់ក៏បានព្យាយាមជិះតាមសញ្ញាប្រព័ន្ធGPS ក្រោយជនសង្ស័យ យកម៉ូតូទៅស៊ីគ្រឿងនៅម្តុំឃ្លាំងរំសេវរួច ក៏បានដឹកគ្នាមកទិញថ្នាំពេទ្យ នៅម្តុំផ្សារអូឡាំពិក ត្រូវបានម្ចាស់ម៉ូតូក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ម៉ូតូដែលពួកគេជិះមកស៊ីគ្រឿងនេះ ពួកគេបានខ្ចីបន្តពីជនសង្ស័យម្នាក់ទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ ប្រគល់ទៅឲ្យកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖