ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រីបើកលឿនបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តសណ្តោងទូកុងតឺន័របណ្ដាលឱ្យគាបជាប់អ្នកបើកបររងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តកូរ៉េដឹកត្រីមួយគ្រឿងក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុបពណ៌ក្រហមជ្រុលទៅបុករថយន្តសណ្ដោងទូកុងតឺន័រ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យគាបជាប់អ្នកបើកបររងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ ៧១១ ជួយគាស់ចេញដឹកយកទៅសង្គ្រោះភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ (ផ្លូវក្រវាត់ក្រុងទី៣) សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណៃ តាំងហ៊ាន អាយុ៣០ឆ្នាំ ជាអ្នកបើកបរ រស់នៅភូមិត្បែងក ឃុំត្បែង ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ (រងរបួសធ្ងន់)។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្ដោងទូកុងតឺន័រ ក្បាលពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3G-3733 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច រួចក៏បានបើកឆ្លងភ្លើងស្តុបពណ៌ខៀវ ខណៈឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តកូរ៉េដឹកត្រីមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-3714 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ( ផ្លូវក្រវាត់ក្រុងទី៣ ) ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុភ្លើងស្តុបផ្លូវបំបែកជាបួន បើកឆ្លងបំពានភ្លើងស្តុបពណ៌ក្រហម ក៏ជ្រុលទៅបុករថយន្តសណ្តោងទូកុងតឺន័រចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខ រួញចូលគ្នាគាបជាប់អ្នកបើកនៅក្នុងរថយន្ត។ ក្រោយមកត្រូវបានបងប្អូនប្រជាពលរដ្ឋជិតខាងនាំគ្នាជួយគាស់យកអ្នកបើកបរចេញ ហើយសមត្ថកិច្ចបានទាក់ទងទៅខាងក្រុមសង្គ្រោះបន្ទាន់ ៧១១ឱ្យចុះមកជួយគាស់ និងយកជនរងគ្រោះចេញពីក្នុងរថយន្ត ដឹកទៅសង្គ្រោះភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖