ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសូមប្រកាសព័ត៌មានស្តីពីករណីឆេះផ្ទុះរថយន្ត នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត ដែលឧបទ្ទវហេតុនេះបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង

ចែករំលែក៖

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តមានកិត្តិយសសូមជម្រាបសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៥០នាទី មានករណីឆេះផ្ទុះរថយន្តដឹក ភ្ញៀវទេសចរ ៤៥កៅអី ១គ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។

តាមរយៈរបាយការណ៍ស្រាវជ្រាវបឋមរបស់សមត្ថកិច្ច រដ្ឋបាលខេត្តសូមជម្រាបជូនថា រថយន្ត ៤៥កៅអី មួយគ្រឿងខាងលើនេះ បានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះក្នុងបរិវេណប្រាសាទអង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមានរថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទុះនេះ គឺជាឧបទ្ទវហេតុបណ្តាលមកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត ៤៥កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចតក្បែរ ២គ្រឿងទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់សមត្ថកិច្ចជំនាញរបស់ រដ្ឋបាលខេត្ត ដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីហេតុការណ៍ដែលបានកើតឡើងនេះ។

រដ្ឋបាលខេត្តសូមជម្រាបជូនបន្ថែមថា ករណីគ្រោះថ្នាក់នេះមិនបានបង្កឱ្យរងរបួសដល់ភ្ញៀវ ទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន ៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២ គ្រឿង រថយន្ត ២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់។

រដ្ឋបាលខេត្ត សូមស្នើដល់សារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចៀសវាងការ ផ្សព្វផ្សាយព័ត៌មាន ដោយធ្វើការសន្និដ្ឋាន ឬដោយការយល់ឃើញណាមួយផ្ទាល់ខ្លួន មិនមានមូលដ្ឋាន ច្បាស់លាស់ ឬមានចេតនាញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តា ជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖