ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលជា ព្រឹត្តិការណ៍សកល ហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវារបស់អង្គការសហប្រជា ជាតិស្តីពី សិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំ យុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប។ តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ខ្ញុំនិងភរិយា សូមសម្តែងនូវអំណរសាទរឥតឧបមានិងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់យ៉ាង ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តេចប្រធាន ប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរតរៀងទៅ។

នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលត្រូវបានចាត់ទុកថា ជាកាលានុវត្តភាពនិងកាតាលីករថ្មីមួយសម្រាប់ការសម្រេចបាននូវសមភាព យេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយបរិយាបន្ន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានផ្ដល់អនុសាសន៍លើក ទឹកចិត្តឱ្យក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដោតការយកចិត្តទុកដាក់លើការ ដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើនការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យ ឌីជីថល និងការប្រើប្រាស់ឌីជីថល ក្នុងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ 

ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងត្រូវប្រារព្ធធ្វើឡើងក្រោម ប្រធានបទ – ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ក្នុងគោលបំណងរំលេចអំពីសក្កានុពល និងភាពចាំបាច់នៃ ការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារៈ សំខាន់ដែលមានសក្តានុពល និងកាលានុវត្តភាពក្នុងការជំរុញផលិតភាពសេដ្ឋកិច្ចនិងសង្គម ការផ្តោតការយក ចិត្តទុកដាក់លើការធានាឱ្យបាននូវការកសាងអ្នកដឹកនាំឌីជីថល ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មរបស់ប្រជាពលរដ្ឋ គ្រប់រូបនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋកិច្ចនិងសង្គមឌីជីថលកាន់តែមានសក្តិសិទ្ធិភាព ក៏ដូចជាប្រសិទ្ធភាពនៃ ការងាររដ្ឋបាល ដោយផ្តោតលើការផ្តល់សេវាគ្រប់ប្រភេទ ដែលមានលក្ខណៈងាយស្រួលនិងកាន់តែខិតជិត ប្រជាពលរដ្ឋ សំដៅធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រីនិងក្មេងស្រី ព្រមទាំងគ្រួសារមានភាពល្អប្រសើរឡើងនិងរួម ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងភាពងាយរងគ្រោះ។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើក ហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា អភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ 

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវ គារវភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា៕

ដោយ ៖ សិលា


ចែករំលែក៖