ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​រួមនឹងវត្ថុតាង​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យនៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ថាៈ កាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ជា ជាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចក្រោយស្តង់៤២ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា​ កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលេីមានករណីហិង្សា(កាប់នឹងពូថៅ)បណ្ដាលឱ្យរងរបួសធ្ងន់។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ​រួមទាំងដកហូតវត្ថុតាងពូថៅដងឈើ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យក្រោយពីសមត្ថកិច្ចឃាត់ខ្លួនហើយបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន ហើយជនសង្ស័យក៏បានឆ្លើយសារភពថា រូបខ្លួនពិតជាបានយកពូថៅកាប់ទៅលើជនរងគ្រោះប្រាកដមែន​ ដោយសារខ្លួននិងជនរងគ្រោះមានគំនុំ​នឹងគ្នាតាំងពី២ខែមុនមកម្ល៉េះ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ប្រាប់ទៀតថា ចំណែកជនរងគ្រោះឈ្មោះ​ សារឿន សែន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី។

​ដោយផ្អែកលេីចម្លេីយសារភាព​និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។  ជនសង្ស័យ​ រួមនឹងវត្ថុតាង​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖