ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភានិយាយភាសាបារាំង (APF)

ចែករំលែក៖

ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs)​ អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី​ ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង។

សម្តេចរដ្ឋភាធិបតី​ បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣​-២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។

ក្រោយ​ពីបាន​អរគុណ​ APF ដែល​បាន​ដក​សភា​កម្ពុជា​ចេញ​ពី​បញ្ជី​ស្ថិត​នៅ​ក្នុង​ការ​ឃ្លាំ​មើល​លើ​បញ្ហា​នយោបាយ​កាល​ពី​ឆ្នាំ​២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា ដូច​ជាវិស័យសុខាភិបាល ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែកភាសា​បារាំង​នៅ​សភា​កម្ពុជា និងការងារកំណែទម្រង់​ឱ្យ​ទៅ​ជា​សភា​ឌីជីថល។

សម្តេចរដ្ឋសភាធិបតី​ ក៏បានបន្ថែមទៀតថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់ភាសានិង​វប្បធម៌​បារាំង​នៅ​អាស៊ីអាគ្នេយ៍ តាមរយៈ​ការ​គាំទ្រ​លើ​សំណើ​របស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ឱ្យ​បារាំងបង្កើតមជ្ឈមណ្ឌល​ភាសា​និង​វប្បធម៌​បារាំង​នៅ​កម្ពុជា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។​ សម្តេចបវរធិបតី បានជ្រើសរើសប្រទេសបារាំងជាប្រទេសទី១​ ក្នុងការមកបំពេញទស្សនកិច្ចជាផ្លូវការ បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។ 

លោក ប្រ៊ុយណូ ហ្វូស បានលើកឡើងថា កម្ពុជា​ជា​ប្រទេស​និយាយ​ភាសា​បារាំង​មួយ​ដ៏​សំខាន់​សម្រាប់ APF នៅ​អាស៊ីអាគ្នេយ៍ និង​ជា​សមាជិក APF ដ៏សកម្ម​ដែល​លោក​ចង់​ឃើញ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ច្រើន​ថែម​ទៀត។ លោក​បាន​គូស​បញ្ជាក់​ផង​ដែរថា ក្នុង​នាម​ជា​តំណាង​រាស្ត្រ សមាជិក APF ត្រូវ​តែ​យក​ការ​សន្ទនា​ជា​មួយ​ប្រជា​ពលរដ្ឋ​ជា​ចំបង ទោះបី​ជា​ក្នុង​ករណីខ្លះ ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ត្រូវ​បាន​កាត់​ផ្ដាច់​ក៏​ដោយ ហើយ​ថា APF នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​បេក្ខភាព​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនី​នៅ​ឆ្នាំ​២០២៦។

លោកបានបន្ថែមថា APF និងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងថ្នាំពេទ្យជាដើម។

សូម​បញ្ជាក់​ថា សភាកម្ពុជាជាសមាជិកមួយ​ក្នុង​ចំណោម​សមាជិកទាំង​៨៧របស់ APF ដែល​បាន​ចាប់​កំណើត​ឡើង​នៅ​ឆ្នាំ​១៩៦៧ នៅប្រទេស​លុចសំបួរ៕

ដោយ ៖ សិលា


ចែករំលែក៖