ភ្នំពេញ ៖ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ ត្រូវបានគេទម្លាយ សកម្មភាពរបស់គាត់ កំពុងវក់នឹងល្បែងសុីសង ក្នុងកាស៊ីណូមួយ អាចកំឡុងប៉ុន្មានខែមុននេះ ។
បច្ចុប្បន្ន លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ មិនទាន់ត្រូវបាន ថ្នាក់ដឹកនាំក្រសួង មានវិធានការរដ្ឋបាល ឬត្រូវបានដកមុខតំណែងនៅឡើយទេ។ បើទោះជាករណីនេះ ត្រូវបានគេដឹងថា ថ្នាក់ដឹកនាំក្រសួង ទទួលបានព័ត៌មាននេះយ៉ាងជាក់លាក់ ។
អ្នកដែលធ្លាប់បានប្រទះឃើញ និងធ្លាប់លេងជាមួយគាត់ ក្នុងកាស៊ីណូ ទទួលស្គាល់ថា លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ ចាញ់ម្ដងៗ រាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយកន្លងទៅ ច្រើនមកលេងសម្រាប់ថ្ងៃអាទិត្យ ដែលគាត់ឡើងមកពីខេត្ត ដើម្បីប្រជុំនៅក្រសួងសម្រាប់ថ្ងៃចន្ទពេលព្រឹក។ ជាទម្លាប់ ច្រើនមានវត្តមាន ជាមួយនឹងភរិយាបន្ទាប់ ប៉ុន្តែគេពុំដឹងថា ប្រភពចំណូល ដើម្បីចំណាយទៅលើបនល្បែងស៊ីសងនេះ រកបានដោយរូបភាពណានោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ ដោយទូរស័ព្ទលេខ(012837053) ខលទៅលោតៗ ឬមិនដំណើរការ អាចគាត់បិទលេខទូរស័ព្ទ អ្នកដែលមិនស្គាល់មិនឲ្យខលចូល ?
ដោយឡែកលោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរស័ព្ទស្ថិតក្រៅតំបន់សេវា ។
ចំពោះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម ចំពោះករណីនេះលោកមិនធ្វើការបកស្រាយ បន្ទាប់ពី អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានជម្រាបសួរតាមប្រព័ន្ធ Telegram ថា ” សូមគោរពជម្រាបសួរឯកឧត្តម 🙏 ខ្ញុំពី មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» សូមអនុញ្ញាតជម្រាបសួរឯកឧត្តមថា ៖ ពាក់ព័ន្ធមន្ត្រីឈានដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ធ្លាប់ចូលលេងកាសុីណូ តើត្រូវមានវិធានការបែបណា ចំពោះការប្រព្រឹត្តល្បែងសុីសងនេះ ? សូមអរគុណឯកឧត្តម 🙏❤️🙏” ។ លោករដ្ឋមន្ត្រីបានបើកមើល ប៉ុន្តែអាចជាប់រវល់ភារកិច្ច មិនបានបញ្ជាក់អំពី ចំណាត់ការបែបណានោះ !
សូមបញ្ជាក់ថា ៖ តាមរយៈសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ធ្លាប់ “ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច”។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា ៖ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ប៉ុន្មានបីសប្តាហ៍មុន ខ្ញុំបានចេញបទបញ្ជាឲ្យផ្អាករាល់ការ ចេញអាជ្ញាប័ណ្ណ និងការផ្ដល់សិទ្ធិក្នុងការបើកទីតាំង ល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន ។
សម្ដេចធិបតីមានប្រសាសន៍ទៀតថា ៖ ខ្ញុំបានឲ្យគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការ ពិនិត្យលើល្បែងផ្សងសំណាងនានានៅក្នុងទូទាំងប្រទេស ។
សម្តេចធិបតី បន្តថា ៖ ខ្ញុំសូមឲ្យឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ចាត់វិធានការអាជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋាននីដែនសមត្ថកិច្ច ខេត្តរបស់ខ្លួន។ សម្ដេចធិបតីបន្តថា , ក្នុងករណីនៅមានបើកបន្តថ្មីថែមទៀត សូមចាត់វិធានការពិតជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈាន ទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុង ខេត្តឬក្នុងទូទាំងប្រទេសតែម្ដង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ៖ ពេលវេលានេះ នឹងបន្តទៅមុខ គឺជាពេលវេលា ដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង ពីសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ភ្លើងប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្ម តាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស នៅតាមមូលដ្ឋានដើម្បីជួយ ការងារនិងបង្កើនចំណូល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ក្នុងការពង្រាយទីតាំង ល្បែងនោះទេ ! ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ សូមឯកឧត្តម លោកជំទាវអនុវត្តឱ្យបាន មឺងម៉ាត់និងម៉ត់ចត់ ហ្នឹងត្រឹមត្រូវតាមបទបញ្ជារបស់ខ្ញុំ ។
គួររម្លឹកថា : លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ ចូលលេងកាសុីណូ បែបនេះ គួរមានវិធានការ ឬបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីឈានដល់ដកតំណែងណាមួយ ដើម្បីជាគំរូ ចំពោះមន្ត្រីរដ្ឋបាលមុខងារសាធារណ: ៕
ដោយ ៖ សិលា