ខេត្តកំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទកភាពដោយសម្រេចបាន ៦០%ហើយ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងនៅ ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។
លោកបន្តថា ៖ ជាសក្ខីភាព នៃវឌ្ឍនភាពនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញអោយ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង ស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ អមដំណើរដោយអនុរដ្ឋលេខា និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ និងដោយមានការចូលរួមពីភាគីក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស WACC បានពិនិត្យធ្វើតេស្តដោយម៉ាស៊ីន FWD ដើម្បីផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse(ជាមធ្យមលទ្ធផល453MPa-507MPa) និងស្រទាប់កម្រាលកៅស៊ូបេតុងACស្រទាប់ទី១( 439MPa-536MPa) និងខួងពិនិត្យកម្រាស ស្រទាប់ACទី១(លទ្ធផល4,2cm-5cm) ដើម្បីអនុញ្ញាតឲ្យបន្តការងារទៅមុខទៀត។
ក្រោមក្រុមការងារពិនិត្យហ្មតចត់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ទទួលបានលទ្ធផលល្អឆ្លើយតបទៅនឹងតម្រូវការនៃលក្ខណៈបច្ចេកទេស និងអនុញ្ញាតឲ្យបន្តការងារដោយយកចិត្តទុកដាក់សំខាន់លើគុណភាពនិងអនុវត្តឲ្យបានតាមកិច្ចសន្យា។
លោក ខាន់ ម៉ាណេរ បានបញ្ជាក់ថា ៖ លទ្ធផលការងារជារួម នៃគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ សម្រេចបាន៦០ភាគរយហើយ។នៅដំណាច់ខែមិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី១និងទី២ អាចឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរបានទៅមកដោយរលូន ហើយការងារផ្សេងៗទៀតដូចជា៖ ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ និងការងារបន្ថែមមួយចំនួនផ្សេងទៀត នឹងអាចនឹងបញ្ជប់នៅចុងឆ្នាំ ២០២៤នេះ មានន័យថា បញ្ចប់មុនកិច្ចសន្យា១ឆ្នាំ។
គួរបញ្ជាក់ថា ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
ដោយ ៖ សិលា