ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី០៥ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លីហួរ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ០,៩០ក្រាម, -ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ គ្មានពាក់ផ្លាកលេខ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ លុះដល់ចំណុចខាងលើប្រទះឃេីញជនសង្ស័យម្នាក់អង្គុយនៅលើម៉ូតូ ដោយមានការសង្ស័យ ទើបកម្លាំងហៅមកសួរនាំ ព្រមទាំងធ្វើការឆែកឆេរ រកឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់០,៩០ក្រាម។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួនហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនកមទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យបន្ទាប់ពីសួរនាំត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា