ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលសហការគ្នាស្រាវជ្រាវ និងបង្រ្កាប មុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ដែលទើបនឹងចេញពីពន្ធនាគារកន្លងទៅថ្មីៗនេះ បន្ទាប់ជនសង្ស័យដៃដល់រូបនេះ បានបន្តធ្វើសកម្មភាពលួចថែមទាំងចាក់ម្ចាស់ផ្ទះ បណ្ដាលឲ្យធ្លាយពោះរងរបួសយ៉ាងធ្ងន់ធ្ងរ នេះបើតាមការបញ្ជាក់ពីលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ ។
លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងឲ្យដឹងទៀតថា ហេតុការណ៍ចោរលួចចាក់ម្វាស់ផ្ទះបណ្ដាលឲ្យចេញពោះវៀនខាងលើ បានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
លោក ឲ្យដឹងបន្តទៀតថា ម្ចាស់ផ្ទះរងរបួសធ្លាយពោះចេញពោះវៀនឈ្មោះ មុំ ថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ បច្ចុប្បន្ន មានទីលំនៅ ភូមិ.សង្កាត់កើតហេតុ ហើយត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាក់នឹងកាំបិតចុងស្រួច នៅពេលរំលងអធ្រាត្រ គ្រាដែលប្រតាយប្រតប់គ្នាជាមួយជនមិនស្គាល់អតសញ្ញាណនោះ ខណៈភ្ញាក់ពីដំណេកស្របពេលជននោះកំពុងធ្វើសកម្មភាព(លួច) រួចក៏គេចខ្លួនបាត់ទៅ ។
លោក ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បញ្ជាក់បន្ថែមទៀតថា បន្ទាប់ទទួលព័ត៌មាននេះភ្លាម លោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាលខេត្ត បានដាក់បទបញ្ជារូបលោកដឹកនាំកម្លាំងការិយាល័យព្រហ្មកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះពិនិត្យ និងស្រាវជ្រាវដល់ក្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាទើបឈានដល់បង្រ្កាបបាន ។ ជនសង្ស័យដៃដល់ឈ្មោះ យ៉ាង សុយ៉ត ហៅខ្លាក្រាបឬអាម៉ាប់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ជនសង្ស័យជាមុខសញ្ញាត្រូវបានបង្រ្កាប តេស្តទឹកនោមវិជ្ជមាន ហើយជននេះទើបចេញពីពន្ធនាគារខេត្តពោធិ៍សាត់ បច្ចុប្បន្ន មន្ត្រីជំនាញព្រហ្មទណ្ឌកំពុងបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន