ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនពិតជាសំខាន់ណាស់

ចែករំលែក៖

ទីក្រុងបារីស ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី  នៃរដ្ឋសភា​ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយក្រុមមិត្តភាពបារាំង-កម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនៃវិមានរដ្ឋសភាបារាំង។ ក្នុងជំនួបជាមួយក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោកស្រី ឡោក ខេង បានជម្រាបជូនភាគីបារាំងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំងគឺជាទំនាក់ទំនងបងប្អូន ដែលមានតាំងពីយូរលង់ណាស់មកហើយ និងចាក់ឬសនៅក្នុងស្រទាប់យុវជនកម្ពុជាគ្រប់ជំនាន់ ជាក់ស្តែងបច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាប្រមាណ៨សែននាក់​ រស់នៅលើទឹកដីបារាំង។ 

លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះករុណា​ ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចជាផ្លូវការរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំងកាលពីពេលថ្មីៗនេះ អាចបញ្ជាក់បានថា​ ទំនាក់ទំនងរវាងបារាំង និងកម្ពុជា កាន់តែជិតស្និទ្ធ និងស្អិតរមួត។ 

នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ ភាគីកម្ពុជាបានលើកឡើងអំពីចក្ខុវិស័យរបស់រដ្ឋសភានីតិកាលទី៧ នៅក្នុងការពង្រឹង​ និងពង្រីកទំនាក់ទំនងពហុភាគី ទ្វេភាគី តាមរយៈវេទិកាសភានានាដូចជា APF, IPU, ASEP ជាដើម ដែលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ភាគីកម្ពុជាក៏បានជម្រាបជូនក្រុមមិត្តភាពកម្ពុជា-បារាំង​ អំពីខ្លឹមសារដែលបានពិភាក្សាជាមួយគណៈកម្មការសង្គមកិច្ចរបស់រដ្ឋសភាបារាំង នូវចក្ខុវិស័យក្នុងការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ រដ្ឋសភាកម្ពុជាមានបំណងប្រែក្លាយខ្លួនទៅជាសភាឌីជីថល​ ដើម្បីសម្របខ្លួនទៅនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបរិវត្តកម្មឌីជីថល។ នៅក្នុងន័យនេះ រដ្ឋសភាកម្ពុជាមានបំណងចង់សិក្សាស្វែងយល់បន្ថែមទៀតពីការអនុវត្តល្អរបស់រដ្ឋសភាបារាំង ព្រោះសភាកម្ពុជាមានទស្សនៈវិស័យចង់បង្ហាញអំពីការងាររបស់តំណាងរាស្រ្តទៅកាន់សាធារណជន ប្រកបដោយតម្លាភាព និងយកចិត្តទុកដាក់ខ្ពស់ចំពោះកង្វល់របស់ពលរដ្ឋ។

លោកស្រី សាន់ឌ្រីន រូស្សូ (Sandrine Rousseau) និង លោក ហាឌ្រែន ហ្គូមី (Hadrien Ghomi) អនុប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា​ បានឯកភាពនូវការលើកឡើងរបស់ លោកស្រី ឡោក ខេង នឹងបានជម្រាបជូនប្រតិភូកម្ពុជាថា មណ្ឌលដែលលោកទាំងពីរឈរឈ្មោះ មានប្រជាពលរដ្ឋកម្ពុជារស់នៅច្រើន គឺសង្កាត់លេខ១៣នៅទីក្រុងប៉ារីស ដូច្នេះរដ្ឋសភាបារាំងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយរដ្ឋសភាកម្ពុជា។ ក្នុងនាមជាតំណាងរាស្រ្ត ការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនគឺពិតជាសំខាន់ណាស់។

ទាក់ទងនឹងសំណូមពររបស់សភាកម្ពុជាភាគីបារាំងឯកភាព និងផ្តល់ការគាំទ្រទៅលើការបណ្តុះបណ្តាល ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍អំពីការអនុវត្តរបស់សភាបារាំងដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា អំពីសភាអេឡិកត្រូនិក។

សូមបញ្ជាក់ថា ក្រុមមិត្តភាពសភាបារាំង-កម្ពុជា ឬតំណាងគ្រោងនឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅក្នុងឆ្នាំនេះឬក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖