ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ជនជាតិកូរ៉េចំនួន០២នាក់ ពីបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ ​បានឱ្យដឹងថា​ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ចោទ​ប្រកាន់​ជនសង្ស័យជាជនជាតិកូរ៉េប្រុសស្រី ចំនួន០២នាក់ និងបក្ខពួក ពីបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងផ្តើមគំនិតក្នុងបទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ មាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ។

ជាក់ស្ដែង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌទទួល​​ពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េ ចំនួន០២នាក់ រកឃើញគ្រឿងញៀន​ប្រភេទមេតំហ្វេតាមីន និងប្រភេទកេតាមីនទម្ងន់​ ០២គីឡូក្រាម នៅចំណុចស្ថានីយ៍អ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ 

ប្រភពដដែលបន្តថា​ ចំណែកបក្ខពួកពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖