ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកសិល្បៈទាំងអស់ដែលទទួលបានជោគជ័យនៃការសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ដោយ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់នៃទិវាវប្បធម៌ជាតិនេះ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំ របស់សិល្បករ-សិល្បការិនី, ទាំងក្នុង និងក្រៅប្រព័ន្ធ និងគ្រប់ទម្រង់សកម្មភាពវប្បធម៌ និង សិល្បៈ ជាពិសេស ជោគជ័យនៃការសម្តែងប្រកបដោយទេពកោសល្យ និង វប្បធម៌ខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត, ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានរៀបចំ, ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេសផងដែរ។ 

ដោយឡែក រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ខណៈក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន ដើម្បីពង្រឹងសហគ្រិនភាព ផ្តល់ជំនួយបច្ចេកទេស និងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត។

លោកស្រី ភឿង សកុណា បានឱ្យដឹងថា តាមរយៈសារាចរណែនាំដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្ត បង្កើននិងពង្រឹងសកម្មភាពបន្ថែមមួយចំនួនសំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែលវប្បធម៌ បង្កើនការយល់ដឹង អំពីតម្លៃនិងភាពសម្បូរបែបនៃវប្បធម៌សិល្បៈជាតិ ដល់គ្រប់ស្រទាប់មហាជន តាមសកម្មភាពផ្សព្វផ្សាយ បណ្តុះបណ្តាល សិក្ខាសាលា ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដោយផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជន។

លោកស្រីថ្លែងថា៖ «វត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដែលក្នុងស្ថានភាពនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន ដើម្បីពង្រឹងសហគ្រិនភាព ផ្តល់ជំនួយបច្ចេកទេស និងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត»។

ជាមួយគ្នានេះ លោកស្រី ភឿង សកុណា បានលើកឡើងដែរថា ជោគជ័យនៃការអនុវត្តគោលនយោបាយវប្បធម៌ មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់វិស័យឯកជន និងអង្គការសមាគមសិល្បៈជាតិអន្តរជាតិបាននោះទេ។

លោកស្រីបញ្ជាក់ថា មកទល់បច្ចុប្បន្ន កិច្ចសហការរវាងរដ្ឋនិងឯកជនកាន់តែមានលក្ខណៈបើកទូលាយ ជាមួយនឹងភាពជិតស្និទ្ធនិងប្រសិទ្ធភាព ហើយដែលជោគជ័យនៃព្រឹត្តិការណ៍ធំៗរបស់ជាតិនា ពេលថ្មីៗនេះ ជាភស្តុតាងបង្ហាញឱ្យឃើញពីការចូលរួមរបស់សិល្បករសិល្បការិនីគ្រប់ទម្រង់ គ្រប់មជ្ឈដ្ឋាន ដោយរួម បញ្ចូលទាំងសមាគមសិល្បករផងដែរ ដែលថ្ងៃនេះ តំណាងតួអង្គទាំងអស់ដែលបានចូលរួមលើកស្ទួយវិស័យសិល្បៈ វប្បធម៌ មានវត្តមានស្រាប់ក្នុងជំនួបជាមួយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត នាពេលនេះ។

គួរឱ្យដឹងដែរថា រយៈពេល ៩ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោមប្រធានបទតែមួយគឺ «យុវជនដើម្បី វប្បធម៌ជាតិ» ដើម្បីជំរុញការយល់ដឹងដល់គ្រប់មជ្ឈដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សា សិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន ហើយក៏ជាព្រឹត្តិការណ៍រំឭកនិងបង្កើនការ ប្រុងប្រយ័ត្នចំពោះហានិភ័យនៃផលប៉ះពាល់ ក្នុងបរិបទដែលពិភពលោកនិងតំបន់ ពុំមានរនាំងច្បាស់លាស់ផ្នែកវប្បធម៌ និងសិល្បៈ ព្រមទាំងស្ថានភាពនៃការវិវត្តទៅមុខនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងសង្គមសេដ្ឋកិច្ចផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖