ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យសិល្បៈភាពយន្តខ្មែរកំពុងមានដំណើរការវិវត្តទៅមុខជាវិជ្ជមាន

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី អបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុឃា បានគូសបញ្ជាក់ថា ៖ រយៈពេលចុងក្រោយនេះ យើងឃើញមានដំណើរការវិវត្តទៅមុខជាវិជ្ជមាននៃវិស័យសិល្បៈភាពយន្ត តាមរយៈកំណើននៃសមត្ថភាព គុណភាពនិងការប្រកួតប្រជែង ជាមួយនឹងការចូលរួមរបស់យុវជនក្មេងៗ កាន់តែមានភាពផុសផុល ទាំងការសម្តែង និងការផលិតចេញនូវស្នាដៃថ្មីៗជាមួយភាពរស់រវើកនិងភាពទាក់ទាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យ៉ាងណាក៏ដោយ យើងត្រូវទទួលស្គាល់ថា ឧស្សាហកម្មច្នៃប្រតិដ្ឋ និងឧស្សាហកម្មវប្បធម៌យើង នៅមានលក្ខណៈក្មេងខ្ចី និងមិនទាន់មានបទពិសោធន៍ទូលំទូលាយ និងមិនទាន់បានធ្វើពិពិធកម្មឱ្យបានសមស្របតាមបរិយាកាសសេដ្ឋកិច្ច សង្គម នៅឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈដ្ឋាន ជំនាញសិល្បៈលើកទឹកចិត្ត ឧបត្ថម្ភជាជំនួយសម្ភារៈបច្ចេកទេសដល់ក្រុមយុវជនដែលកំពុង ផ្តោតលើការស្រាវជ្រាវ និងបង្កើតស្នាដៃថ្មីៗ នៃសិល្បៈទស្សនីយភាព ចម្រៀង ភាពយន្ត វីដេអូ និង ស្នាដៃវប្បធម៌ផ្សេងៗទៀត ដោយត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈ និង មានលក្ខណៈប្រកួតប្រជែង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញយុវជនឱ្យផ្ដោតលើការពង្រឹងគុណភាព ប្រណិតភាព ម៉ាកយីហោផលិតផល ចៀសវាងការលួចចម្លងនូវរាល់ផលិតផលសិល្បៈនានា ទាំងបុរាណ សម័យ និងផលិតផលច្នៃប្រតិដ្ឋថ្មីដើម្បីលើកកម្ពស់ការផលិត និងពង្រឹងការទទួលស្គាល់ទំនុកចិត្តទីផ្សារ។ 

សម្តេចធិបតី ក៏សូមលើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាលស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ ជាពិសេសលើការងារសិល្បៈ និងទម្រង់សម្លៀកបំពាក់ប្រពៃណី។ បច្ចុប្បន្នមហាជន ជាពិសេស យុវជនវ័យក្មេង កំពុងពេញនិយម និងមានមោទនភាពខ្ពស់នៅក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់ នៅមានភាពស្រពិចស្រពិល បង្កការភ័ន្តច្រឡំ និងប្រើប្រាស់ខុស។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថាថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ការ បង្កើន ភាពអង់ អាច របស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គម ដែល មាន អារ្យធម៌ ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល៕

ដោយ ៖ សិលា


ចែករំលែក៖