ភ្នំពេញ៖ ដើម្បីឱ្យប្រជាពលរដ្ឋស្វែងយល់អំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីជំនាញ នៃអធិការដ្ឋានគរបាលខណ្ឌទាំង១៤ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ តាមបណ្ដាអធិការដ្ឋានគរបាលខណ្ឌទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសាលារៀន។
ជាមួយគ្នានោះ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃតែងតែចេញល្បាតតាមគោលដៅ ដើម្បីត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក្មេងទំនើង ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលេី ២៤ម៉ោង។
ដោយឡែកកម្លាំងចម្រុះតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ក៏បានចុះសម្រួលចរាចរណ៍ និងជួយចម្លងសិស្សានុសិស្សនៅតាមសាលារៀន ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖ តារា