ភ្នំពេញ៖ ចេតិយរបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកាឌី ប៉ុក មាតាបិតារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មីត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងទៅតាមបែបព្រះពុទ្ធសាសនានៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ។
ពិធីបុណ្យនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី,ឯកឧត្ដម ហ៊ុន ម៉ានិត, លោកជំទាវហ៊ុន ស្រីពៅ កូនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ឯកឧត្ដមនេត សាវឿន ,ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទាំងកូនចៅ ញាតិសន្តានរបស់ត្រកូលហ៊ុន ជាច្រើនរូបទៀត។
ក្នុងពិធីនេះមាននមស្ការព្រះរតនត្រ័យ សមាទានសីល បង្វិលពពិលជុំវិញចេតិយប្រគេនទេយ្យទានចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដោយបាននិមន្តចូលរួមពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ ។
សូមបញ្ជាក់ថា៖ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ប្រសូតនៅថ្ងៃទី២៧ ខែ០៨ ឆ្នាំ១៩២៣ និងបានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែ០៧ ឆ្នាំ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ។ ចំណែក មហាឧបាសិកា ឌី ប៉ុក កើតនៅថ្ងៃទី១៧ ខែ០៦ ឆ្នាំ១៩១៩ និងបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែ០៣ ១៩៩៨។ អ្នកមានគុណទាំង២របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ត្រូវបានដង្ហែមកតម្កល់ទុកនៅក្នុងចេតិយវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ ដើម្បីគោរពបូជា៕
ដោយ ៖ សំរិត