ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេស១៩៥នាក់ ត្រៀមបណ្ដេញចេញពីកម្ពុជា ខណៈ៥នាក់ត្រូវបញ្ជូនទៅតុលាការ ករណីបោសសម្អាតទីតាំងបើកល្បែងស៊ីសងអនឡាញខុសច្បាប់ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមសារាចរណែនាំ និងប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប ទីតាំងលួចបើកល្បែងស៉ីសងអនឡាញខុសច្បាប់ ចំនួន២ទីតាំង នៅខេត្តព្រះសីហនុ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ៖

*ទីតាំងទី១៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបនៅទីតាំងអតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) ស្ថិតនៅក្នុងខេត្តព្រះសីហនុ រកឃើញជនបរទេស១៧២នាក់(ស្រី៤៣នាក់) មាន៤សញ្ជាតិ (ជនជាតិវៀតណាម១០៩នាក់), ថៃ៥៤នាក់, ចិនតៃវ៉ាន់៨នាក់ និងចិន១នាក់)។

ចំពោះអ្នកគ្រប់គ្រងចំនួន៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ (ចិនតៃវ៉ាន់៤នាក់ និងចិន១នាក់) កំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ តាមច្បាប់ជាធរមាន។ 

ចំពោះជនបរទេសចំនួន១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់, ថៃ៥៤នាក់ និងចិនតៃវ៉ាន់៤នាក់) ត្រូវបានបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

*ទីតាំងទី២៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងមួយដែលស្ថិតនៅក្រុមទី២៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ រកឃើញជនជាតិខ្មែរចំនួន២៧៩នាក់ (ស្រី២២៧នាក់) និងរកឃើញជនបរទេសចំនួន២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន២៧នាក់ និងមីយ៉ាន់ម៉ា១នាក់)។

ចំពោះចំណាត់ការវិញ សម្រាប់ជនបរទេសចំនួន២៨ នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន២៧នាក់ និងមីយ៉ាន់ម៉ា១នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

កិច្ចប្រតិបត្តិការបង្រ្កាបខាងលើនេះ ធ្វើឡើងក្នុងគោលដៅដើម្បីលុបបំបាត់ឲ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

ដោយ៖ សូរិយា


ចែករំលែក៖