ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសផឹកសុីស្រវឹងមានទំនាស់ជាមួយប្រពន្ធឪពុកចូលទៅឃាត់ទាញកាំបិតផ្គាក់កាប់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យជាកូនប្រុសផឹកស៊ីជាមួយឪពុកបង្កើត ពេលស្រវឹងមានទំនាស់ជាមួយប្រពន្ធទើបសម្រាលកូនរួច វាយប្រពន្ធ២ដៃ។ បន្ទាប់ពីបានឃើញដូច្នេះ បុរសជាឪពុកបានចូលទៅឃាត់ ក៏ត្រូវជនជាកូនប្រវាយប្រតប់គ្នាជាមួយឪពុក ហើយត្រូវបានកូនប្រុសម្នាក់ទៀតរួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែក។ ប៉ុន្តែជនសង្ស័យជាកូនប្រុសរូបនោះមិនព្រមស្ងប់ចិត្តទេ បានរត់ទៅយកកាំបិតផ្គាក់កាប់ឪពុកជាច្រើនកាំបិត រហូតដល់ដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ចំណែកជនសង្ស័យជាកូនត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកណ្តាលដែលបានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ 

    សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ជាកូនឈ្មោះ សួន រតនៈ  អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុ (ជននេះប្រើប្រាស់ថ្នាំញៀន) ព្រោះសមត្ថកិច្ចពិនិត្យឃើញមានសារធាតុ ញៀនក្នុងទឹកនោម។ ចំណែកជនរងគ្រោះជាឪពុកដែលស្លាប់មានឈ្មោះ សួន ផល្លីង អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅភូមិក្នុងភូមិកើតហេតុនោះដែរ ។ 

   ប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះយូ ថា អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដែលជាឪពុករួមជាមួយ(ជនសង្ស័យជាកូន) និងកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា បាននាំគ្នាផឹកស្រាថ្នាំអស់កន្លះលីត្រ។ បន្ទាប់មកជនដៃដល់បានជិះម៉ូតូទៅទិញស្រាបៀរថែមកន្លះកេសទៀត និងបានផឹកសុីជុំគ្នាបន្ត ។ លុះបានមួយសន្ទុះក្រោយមក ជនដៃដល់ជាកូនរូបនោះបានដើរចូលទៅក្នុងផ្ទះ ហើយមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ព្រមទាំងវាយប្រពន្ធដែលទើបនឹងសម្រាលកូនចំនួន២ដៃ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបានឃើញបែបនេះ ជនរងគ្រោះជាឪពុកបានចូលទៅឃាត់ ហើយក៏ត្រូវជនដៃដល់ជាកូនប្រតាយប្រតប់គ្នាជាមួយឪពុកទៅវិញទៅមក ខណៈនោះកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា និងខ្លួន(ឈ្មោះយូ ថា)បានចូលឃាត់បំបែកគ្នាឱ្យចេញក្រៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែជនដៃដល់ជាកូនបានរត់ចូលទៅក្នុងរោងបាយរួចទាញយកកាំបិតផ្គាក់អត់ដង១ដើមមកធ្វើសកម្មភាពកាប់ទៅលើឪពុករហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា សពជនរងគ្រោះមានស្លាកស្នាមរបួសលើថ្ងាសខាងស្ដាំ១កាំបិតទំហំ២សង់ទីម៉ែត្រ កណ្ដាលក្បាល១កាំបិតប្រវែង៧សង៉ទីម៉ែត្រ និងកញ្ចឹងកខាងឆ្វេង១កាំបិតប្រវែង១០សង់ទីម៉ែត្រ។

    បន្ទាប់ពីកើតហេតុអ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួចឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយនគរបាលប៉ុស្តិ៍បានចុះទៅដល់ឃាត់ខ្លួនជនដៃដល់រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរ និងចាត់ការតាមនិតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖