ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលាចំនួន៣នាក់ជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រ បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់។
ហេតុការណ៍បានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ខាងជើងជាប់ស្ពានអាកាសផ្លូវល្បឿនលឿន ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងស្រីដែលស្លាប់ ឈ្មោះ ដិន សុធាវី អាយុ១៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកក្មេងស្រីដែលរបួសទី១ ឈ្មោះ ញ៉ែម រក្សា អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ជើងឆ្វេង បែកភ្នែក ។ ទី២ ឈ្មោះ គឹម ឌីណា អាយុ១៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ជាកូនមេភូមិសាមគ្គី១ រងរបួសបាក់ជើងឆ្វេង ។ ជនរងគ្រោះទាំង៣នាក់ ជាសិស្សសាលារៀនថ្នាក់ទី៨ សាលាវិទ្យាល័យអារុណវតី ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ គេបានឃេីញក្មេងមួយក្រុម មានប្រុសស្រី នាំគ្នាជិះម៉ូតូ ៥ទៅ៦គ្រឿង តាមផ្លូវកប់ស្រូវ ដោយក្មេងស្រីរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-0621 ដោយឈ្មោះ ដិន សុធាវី ជាអ្នកបើក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តកុងតឺន័រ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2749 បើកពីត្បូងទៅជើង កំពុងបត់ឆ្វេង បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ របួសធ្ងន់២នាក់ ម៉ូតូគាបជាប់ពីក្រោយ អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ ក្មេងស្រីរងរបួស២នាក់ត្រួវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកយកទៅសង្គ្រោះ ចំណែកសពក្មេងស្រីម្នាក់ សមត្ថកិច្ចពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯរថយន្តនិងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ