ព័ត៌មានទាន់ហេតុការណ៍៖

Darean Thy​ បានបង្ហោះខ្លឹមសារថា៖​ «ពួកអាប៉ូលីសខេត្តកណ្ដាលចុយម្រាយនេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ​»​ ត្រូវសមត្ថកិច្ចជំនាញធ្វេីលិខិតកោះហៅបំភ្លឺ

ចែករំលែក៖

ខេត្តកណ្ដាល​ ៖​ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ បានឲ្យដឹងនារសៀលថ្ងៃទី១១​ ខែមីនា​ ឆ្នាំ​២០២៤​នេះ​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន​ទៅនឹងគណនីហ្វេសប៊ុក​ឈ្មោះ​ Darean Thy ដែលបានបង្ហោះខ្លឹមសារថា៖​ ពួកអាប៉ូលីសខេត្តកណ្ដាលចុយម្រាយនេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ។​ 

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវរកប្រភពហ្វេសប៊ុកបានបង្ហោះខ្លឹមសារខាងលើ។

      ជាលទ្ធផល​ ៖​ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាល​យុត្តិធម៌ស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច​ បានធ្វេីការស្រាវជ្រាវ​ និងបានធ្វើលិខិតកោះហៅ ឈ្មោះ ធី ដារ៉ែន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិព្រៃចំការ ឃុំលំហាច​ ស្រុកអង្គស្នួល​ ខេត្ត​កណ្តាល​ ដើម្បីសួរនាំអំពីការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី០៨ ខែមីនា​ ឆ្នាំ២០២៤​ ដែលបានសរសេរថាពួកអាប៉ូលីសខេត្តកណ្ដាលចុយម្រាយនេះគ្មានដោះស្រាយបញ្ហាអីឲ្យបានទេ។

    ក្រោយពីកម្លាំងផ្នែកជំនាញបានសួរនាំបញ្ហាខាងលើគាត់ក៏បានឆ្លើយបំភ្លឺថា ដោយសារខ្លួនមានបញ្ហារឿងជំពាក់លុយជាមួយឈ្មោះ ស្រីកា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅបន្ទប់ជួលជិតគ្នា ហើយក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច។ ក្រោយមកកម្លាំងប៉ុស្តិ៍លំហាចបានកោះហៅឈ្មោះខាងលើប៉ុន្តែមិនបានចូលតាមការកោះហៅនោះឡើយ​។ ពេលនោះខ្លួនខឹងពេកក៏បានបង្ហោះហ្វេសប៊ុករបស់ខ្លួនដែលមានខ្លឹមសារដូចខាងលើតែម្តង។ លុះថ្ងៃក្រោយមកទេីបកម្លាំងប៉ុស្តិ៍លំហាច​ អញ្ជេីញភាគីទាំងពីរមកសម្របសម្រួលនិងបានបញ្ចប់រឿងរួចរាល់ហេីយ។ 

    ចំពោះករណីនេះ ឈ្មោះ ធី ដារ៉ែន ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Darean Thy បានសរសេរលិខិតព្រមព្រៀងសុំទោស និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចមិនឱ្យមានករណីនេះកើតឡើងម្ដងទៀតឡើយ។

    បន្ទាប់ពីបានធ្វេីកិច្ចសន្យាអប់រំនៅចំពោះមុខសមត្ថកិច្ចរួច​ ឈ្មោះ ធី ដារ៉ែន ក៏បានបង្ហោះហ្វេសប៊ុករបស់ខ្លួនដេីម្បីធ្វេីការសុំទោសជាសាធារណៈផងដែរ។ អាស្រ័យហេតុនេះ​ សូមសាធារណជន ដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ មេត្តាជ្រាប​ និងកុំមានការភាន់ច្រឡំ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖