ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង២និង៣០សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខក្រុមគ្រួសារសពលោកចាន់ វ៉ែន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃ សៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥និង ២០ នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ …។
លោកចាន់ វ៉ែន ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចប្រមុខរដ្ឋស្តីទីបានចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ែន សារី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់អ្នកមានគុណ ជាបិតាបង្កើត បិតាក្មេក ជីតា ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា និងជាការបាត់បង់នូវអតីតអ្នកតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានខិតខំតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន បញ្ញាស្មារតីបម្រើដល់បុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។
សម្តេចប្រមុខរដ្ឋស្តីទី ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកចាន់ វ៉ែន បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ សពលោកចាន់ វ៉ែន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋានស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៦ ផ្លូវH៩ គម្រោងទី៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ដោយ៖ សូរិយា