ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ៍ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក -សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិ បាលកម្ពុជា បាននឹងកំពុងជម្រុញឲ្យមានការលើក កម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ជាលទ្ធផលការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គមនិងសេវាសាធារណៈមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណនិងគុណភាព។
បរិវត្តកម្មឌីជីថល នឹងប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យ ទៅ ជាពលរដ្ឋឌីជីថល ដែលមាន សមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលមក ប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពនិងការទទួល ខុសត្រូវខ្ពស់ សំដៅបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្នាំ ២០៣០ និង២០៥០។ ចំណែកឯការអប់រំឌីជីថល គឺជាកត្តាគន្លឹះនៃចំណុចចាប់ផ្តើមការធ្វើបរិវត្តកម្មឌីជីថល ដោយភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំនៅកម្រិតសាលារៀនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍគន្លងអាជីពសម្រាប់កម្លាំងពលកម្មទីផ្សារការងារជាក់ស្តែង។
ការបង្កើនចំនួនសិស្ស-និស្សិតនារីចាប់យកជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សំដៅបង្កើនការទទួលខុសត្រូវនិងការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ដែលនាំឱ្យកាត់បន្ថយគម្លាតចំណេះដឹងបច្ចេកវិទ្យារវាងបុរស និងស្ត្រី។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រដល់ក្លឹបសរសេរកូដជាស្រ្តីដំបូងនៅកម្ពុជាដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យានាសម័យបច្ចុប្បន្ន៕
ដោយ៖ សូរិយា