ខេត្តបន្ទាយមានជ័យ៖ ប្រហិតចម្រុះចំនួន ៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះស្រាវជ្រាវបង្ក្រាបបានរួចយកទៅដុតបំផ្លាញចោល កាលពីរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណដីឡូត៍មួយកន្លែងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក រស់ អៀម ស្នងការរងស្តីទីនិងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ថ្លែងឱ្យដឹងថា ដោយមានការចង្អុរបង្ហាញនិងអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តប បានសហការជាមួយក្រុមអន្តរាគមការិយាល័យផលិតកម្ម ,មន្រ្តីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងសមត្ថកិច្ចកជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យ និងក្រោមកិច្ចសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលផលិតផលប្រហិតចម្រុះ ទម្ងន់សរុប ៧៨៣គីឡូក្រាម។
ដោយឡែកបើតាមអ្នកបើកបររថយន្តឈ្មោះ ម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ ក្រោយសមត្ថកិច្ចឃាត់បានអះអាងថា ផលិតផលប្រហិតចម្រុះនោះ មាន:១-ប្រហិតចម្រុះ(រុំថង់បិទស្គុត) ចំនួន៦២៦គក្រ ២-សាច់មាន់និងចុងស្លាបមាន់. ចំនួន១២៨គក្រនិង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គ.ក្រ ។
លោកវរសេនីយ៍ឯក រស់ អៀម បានឱ្យដឹងទៀតថា ផលិតផលនេះ នាំចូលដោយគ្មានលិខិតឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពីប្រទេសថៃក្នុងភូមិសាស្ត្រស្រុកថ្មពួក គឺឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ដោយផ្ទុកលើរថយន្តល្មើស ម៉ាកតូយ៉ូតា កាមរីចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ចាប់បានកាលពីវេលាម៉ោង១៨និង១០នាទី យប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ដោយឡែកអនុប្រធានសាខាកខេត្តបន្ទាយមានជ័យ លោក លន់ ស៊ីថា បានឱ្យដឹងដែរថា វត្ថុតាងល្មើសទាំងនខុសច្បាប់ ទី១-នាំចូលដោយគ្មានការអនុញាតច្បាប់នៃជំនាញកបប ក៏ដូចជាជំនាញកសិកម្ម និងទី២-ការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស ដូចជាគេត្រូវរក្សាវាក្នុងកន្លែងឬបន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សារសេ ។ បើខុសដូច្នេះ ផលិតផលនឹងខូចគុណភាព ហើយបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ ទេីបសមត្ថកិច្ចជំនាញ ចុះទប់ស្កាត់បង្ក្រាប និងយកទៅដុតបំផ្លាញចោលផលិតផលវត្ថុតាងល្មើស ។ រីឯមធ្យោបាយដឹកជញ្ជូននិងជនសង្ស័យជាម្ចាស់និងអ្នកបើកបររថយន្តត្រូវប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តដើម្បីពិនិត្យនិងសម្រេចតាមនិតិវិធី ។
គួររម្លឹកដែរថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានការឯកភាពពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ខែកុម្ភ:ឆ្នាំ២០២៤កន្លងទៅនេះ បានបំផ្លាញចោលផលិតផលប្រភេទយ៉ាអួរម៉ាកDUTCHE ដែលលួចនាំចូលនាំចូល ស្តុកនិងចែកចាយរំលោភលើកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនយូអិនធីហូលលេស ដូអិលធីឌី(UNIT WHOLE SALE Co.,Ltd ) ចំនួន ១០ដុំធំស្មើនឹង៨០កេះតូច។ទំនិញនេះត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៤ ៕
ដោយ៖ តារា