ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងជំរុញឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលខិតខំពង្រឹង និងពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគ្រឿងបំពាក់ និងថ្នាំសង្កូវជាដើម ពោលគឺត្រូវពង្រីកឲ្យបានគ្រប់ទីកន្លែងដល់មូលដ្ឋានតែម្តង។
-សម្ដេចធិបតី ថ្លែងថា មនុស្សគឺជាកត្តាធំណាស់សម្រាប់ការអភិវឌ្ឍសង្គមជាតិ ហើយបើនិយាយពីកត្តាមនុស្ស គឺយើងត្រូវនិយាយពីកត្តាសុខភាព និងការអប់រំ សម្រាប់មនុស្សផងដែរ។
-សម្តេចធិបតី បានថ្លែងថា ការអប់រំ និងសុខាភិបាលគឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ដូច្នេះហើយការកសាងនូវសុខភាព និងការអប់រំនេះគឺជាកត្តាធំបំផុត ដែលត្រូវយកចិត្តទុកដាក់ និងត្រូវលើកកម្ពស់ជានិច្ច។
-សម្ដេចធិបតី ថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺពង្រាយសេវា និងពង្រឹងមូលដ្ឋាន សេវាសុខាភិបាលឱ្យគ្របដណ្ដប់ដល់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពទាំងអស់នៅមូលដ្ឋានក្នុង ២៤ ម៉ោងលើ២៤ម៉ោង ហើយត្រូវផ្ដល់សេវាសុខាភិបាលនេះដល់ពលរដ្ឋឱ្យបានល្អ។
-សម្ដេចធិបតី ថ្លែងថា ឱ្យតែពលរដ្ឋផ្ដល់ឱកាស គណបក្សប្រជាជនកម្ពុជានឹងបម្រើប្រជាជន ធ្វើនូវសមិទ្ធិផល ទៅតាមកិច្ចសន្យាដោយគ្មានការភូតកុហក។
-សម្ដេចធិបតី ថ្លែងថា កោតសរសើរលោក ស៊ុន ចាន់ថុល ដែលបានប្រមូលថវិកាពីសំណាក់សប្បុរសជនក្នុងស្រុក និងក្រៅស្រុក ដើម្បីសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ។
-សម្ដេចធិបតី ថ្លែងថា បានអរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកា ដើម្បីសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
-សម្ដេចធិបតី ថ្លែងថា គ្រូពេទ្យវះកាត់ ចង់វះកាត់អ្នកជំងឺ មិនអាចចាំសួរប្រធានមន្ទីរពេទ្យនោះទេ ដូច្នេះគ្រូពេទ្យ ទាមទារឱ្យត្រូវតែមានជំនាញ និងភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត ពីព្រោះអាយុជីវិតរបស់មនុស្សមិនអាចរង់ចាំការឆ្លងយោបល់ពីប្រធានមន្ទីរពេទ្យ ដូចកិច្ចការរដ្ឋបាលឡើយ។
-សម្ដេចធិបតី ថ្លែងថា ផ្លូវធ្វើខុសស្តង់ដារអាចប្រើប្រាស់បាន តែគ្រូពេទ្យបើព្យាបាលខុស នោះនឹងនាំឱ្យជំងឺតូចក្លាយទៅជាធំ ប្ដូរពីការសង្គ្រោះអ្នកជំងឺបានទៅជាស្លាប់អ្នកជំងឺ ដូច្នេះទាមទារឱ្យក្រុមគ្រូពេទ្យត្រូវពង្រឹងសមត្ថភាព។
-សម្ដេចធិបតី បញ្ជាឱ្យក្រុមគ្រូពេទ្យត្រូវផ្ដល់ថ្នាំ និងសម្ភារៈឱ្យបានល្អ ជូនប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា សម្ដេចធ្លាប់ប្រាប់ទៅកាន់ក្រុមហ៊ុនផលិតឱសថ Pfizer ថា កម្ពុជានឹងទិញឱសថទាំងអស់ ឱ្យតែមានគុណភាពខ្ពស់ និងតម្លៃថោក ទិញជូនពលរដ្ឋកម្ពុជា។
-សម្ដេចធិបតី ចាត់ទុកការដែលពលរដ្ឋកម្ពុជាមួយចំនួនតូចចេញទៅព្យាបាលនៅក្រៅប្រទេសជារឿងធម្មតា ពីព្រោះថាសូម្បីតែប្រទេសជឿនលឿនដូចសហរដ្ឋអាមេរិក ក៏មានពលរដ្ឋចេញទៅព្យាបាលនៅប្រទេសកាណាដាដែរ។
-សម្ដេចធិបតី គូសបញ្ជាក់ថា ចំនួនដែលពលរដ្ឋកម្ពុជាចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសគឺមានចំនួនតិចតួច បើធៀបនឹងពលរដ្ឋដែលព្យាបាលក្នុងប្រទេសរាប់លាននាក់។
-សម្ដេចធិបតី ថ្លែងណែនាំទៅកាន់យុវជនថា បើចង់ជោគជ័យកុំពឹងលើការផ្សងសំណាង ប៉ុន្តែត្រូវតែខំប្រឹងរៀនសូត្រ។
-សម្ដេចធិបតី ថ្លែងថា និយមន័យការអភិវឌ្ឍប្រទេសជាតិ គឺជាការធ្វើឱ្យប្រជាជនមានជីវភាពធូរធារ។
-សម្ដេចធិបតី មានប្រសាសន៍ណែនាំថា ធម្មជាតិបង្កើតរូបរាងកាយ ពណ៌សម្បុរមកបែបណា ទទួលយកបែបនោះទៅ កុំចាំបាច់ទៅកែប្រែនាំប៉ះពាល់ដល់សុខភាពអី។ សម្ដេច បានស្នើដល់អ្នកលក់ផលិតផល លក់ឡេ ត្រូវគិតគូរពីបញ្ហាសុខភាពប្រជាពលរដ្ឋផង៕
ដោយ៖ តារា